រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មិនត្រឹមតែ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់ពលរដ្ឋអាមេរិកាំង និងជនបរទេស នៅលើទឹកដីរបស់ខ្លួននោះទេ គឺថែមទាំងចាក់វ៉ាក់ដល់សត្វជាច្រើនប្រភេទថែមទៀត ដោយសារមន្រ្ដីជំនាញគិតថា សត្វទាំងនោះ អាចនឹងមានទំនាក់ទំនងទៅនឹងសង្គមមនុស្ស។

បើតាមសារព័ត៌មានរុស្ស៊ី RT បានចេញផ្សាយ កាលពីថ្ងៃទី៣១ ខែសីហា ថា សួនសត្វ Detroit នៅរដ្ឋ Michigan បានរៀបចំយន្ដការ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ មន្រ្ដីជំនាញនឹងរៀបចំម្ជុលចាក់វ៉ាក់សាំងយ៉ាងពិសេស ដើម្បីបង្កើនភាពស៊ាំដល់ពួកស្វា Gorillas, តោ, ពួកស្វា Chimpanzees, និងពពួកសត្វផ្សេងទៀត ដែលត្រូវគិតថា ងាយនឹងឆ្លងវីរុសនេះខ្លាំងបំផុត។

សមាគមសួនសត្វ Detroit បានសរសេរ នៅក្នុងសេចក្ដីប្រកាសមួយ កាលពីថ្ងៃចន្ទ (ទី៣០ ខែសីហាថា រហូតមកដល់ពេលនេះ អ្នករស់នៅក្នុង Michigan បានចាក់វ៉ាកសាំងគ្រប់ដូស ចំនួន៥លាននាក់រួចរាល់ហើយ។ ប៉ុន្ដែឥឡូវសត្វមួយចំនួន នៅក្នុងសួនសត្វ Detroit នេះ ក៏នឹងត្រូវចាក់វ៉ាក់សាំងយ៉ាងពិសេស ដែលបានបង្កើតឡើងសម្រាប់ពេទ្យសត្វប្រើប្រាស់ ចាក់ទៅលើពពួកសត្វងាយរងគ្រោះ ពីជំងឺនេះ។

លោកស្រីវេជ្ជបណ្ឌិត Ann Duncan ប្រធានសុខភាពសត្វ សម្រាប់សួនសត្វ Detroit បានបញ្ជាក់ថា «យើងបានចាក់វ៉ាក់សាំងទៅលើសត្វឆ្កែ និងសត្វផ្សេងទៀត សម្រាប់ការពារជំងឺផ្សេងៗ ដូចជា Parvovirus, ជំងឺកាចសាហាវ ឬជំងឺឆ្កែឆ្កួត ជាដើម។ នេះជាវិធានការការពារសត្វ នៅក្នុងសួនសត្វ នៅទីនេះ៕