រដ្ឋធានីញូវដេលី៖ ទឹកជំនន់ កំពុងតែវាយប្រហារយ៉ាងខ្លាំង ពាសពេញតំបន់ ភាគខាងកើត នៃប្រទេសឥណ្ឌា ហើយពលរដ្ឋរស់នៅទីនោះ រាប់សែននាក់ កំពុងតែឡើងទៅនៅលើដំបូងផ្ទះរបស់ពួកគេ ខណៈអ្នកខ្លះទៀត រត់ទៅរកទីទួលមានសុវត្ថិភាព។

បើតាមសារព័ត៌មាន Aljazeera បានផ្សាយ នៅថ្ងៃទី៣១ ខែសីហា ថា ក្នុងរយៈពេលជាង១សប្ដាហ៍កន្លងមកនេះ ភ្លៀងបានធ្លាក់មកឥតឈប់ឈរ ធ្វើឲ្យទឹកទន្លេ Brahmaputra និងទន្លេដទៃទៀត បានហក់ឡើងយ៉ាងខ្លាំង រហូតហៀរចេញមាត់ច្រាង ហូរឆ្លងកាត់រដ្ឋ Assam និង រដ្ឋ Bihar ប្រទេសឥណ្ឌា។ ទឹកបានកើនឡើង រហូតដល់កម្ពស់២ម៉ែត្រ ជនលិចភូមិឋាន ជាច្រើន នៅក្នុងប្រទេសមហាយក្ស នៅអាស៊ីខាងត្បូងមួយនេះ។

ក្រុមមន្រ្ដីជំនាញ បានអះអាងថា ទឹកជំនន់ប្រចាំឆ្នាំ កាន់តែអាក្រក់ឡើង ដោយសារការប្រែប្រួលអាកាសធាតុ។ អាជ្ញាធរ បានចេញផ្សាយថា ទឹកនៅឯទំនប់មួយ កំពុងតែមានការព្រួយបារម្ភ ពីការបាក់ ហើយវានឹងធ្វើឲ្យទឹកជន់លិច កាន់តែខ្លាំងឡើង។

មនុស្សរាប់សែននាក់ កំពុងតែជាប់ នៅក្នុងភូមិជាច្រើន មិនអាចធ្វើដំណើរទៅណាបាន ដោយសារទឹកជំនន់ កាត់ផ្ដាច់ផ្លូវឆ្លងកាត់ជាច្រើនកន្លែង។ ចំណែរដ្ឋាភិបាល នៃរដ្ឋ Assam បានបញ្ជាក់ថា ពលរដ្ឋជាង៤០០ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ជាមួយគ្នានេះ រដ្ឋាភិបាល នៃរដ្ឋ Bihar និង រដ្ឋ Assam បានឲ្យដឹងថា ពលរដ្ឋជាង ១២ ០០០នាក់ ត្រូវបាននាំទៅកាន់ជំរំជួយសង្រ្គោះ។ ចំណែកទំនប់ទឹក នៅក្នុងរដ្ឋ Bihar ត្រូវបានអាជ្ញាធរបើកទ្វារទឹកបង្ហូរ ចៀសវាងការបាក់ទំនប់ ហើយព្រមានដល់ពលរដ្ឋ នៅជិតតំបន់នោះ ត្រូវចាកចេញឲ្យឆ្ងាយ ដើម្បីសុវត្ថិភាពរបស់ពួកគេ។ ដោយឡែកឧទ្យានជាតិ មានផ្ទៃដី៤៣០គីឡូម៉ែត្រការ៉េ ត្រូវទឹកជន់លិច អស់ប្រហែល៧០ភាគរយ។ ទឹកជំនន់ដ៏ខ្លាំងនេះ កំពុងតែគំរាមកំហែងដល់សត្វរមាស ក៏ដូចជាដំរី និងជ្រូកព្រៃផងដែរ។

ទោះជាយ៉ាងណា គេមិនទាន់ដឹង ពីទំហំ នៃការខូចខាត ដោយសារទឹកជំនន់នេះ ហើយចំនួនមនុស្សរងថ្នាក់ ឬបាត់បង់ជីវិត ក៏មិនទាន់ដឹង នៅឡើយដែរ៕