រដ្ឋធានីកាប៊ូល៖ ថ្វីត្បិត តែមេដឹកនាំតាលីបង់ បានអះអាងពីការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ស្រ្ដី ក្រោយការដួលរលំ នៃរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ យ៉ាងណាក្ដី ប៉ុន្ដែពលរដ្ឋរស់នៅទីក្រុង Herat នៅតែអះអាងថា ជីវិតរបស់ពួកគេ រស់នៅក្រោមតាលីបង់ ហាក់បីដូចជាអ្នកទោស មានតែការភ័យខ្លាច ហើយក៏មិនមានសុវត្ថិភាពដែរ។

ពលរដ្ឋរស់នៅក្នុងទីក្រុង Herat ជាទីក្រុងធំទី៣ នៃប្រទេសអាហ្វហ្គានីស្ថាន បានអះអាងថា ជីវិតរបស់ពួកគេ បានប្រែប្រួលយ៉ាងខ្លាំង ត្រឹមតែក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ពួកគេមិនមានសុវត្ថិភាពសោះឡើយ ហើយមានតែការភ័យខ្លាចតែប៉ុណ្ណោះ។ ការរស់នៅក្នុងទីក្រុង Herat ក្រោមតាលីបង់គ្រប់គ្រង មិនខុសពីអ្នកទោសនោះឡើយ។

ទីក្រុង Herat មានប្រជាពលរដ្ឋរស់នៅ ប្រហែលជាង ៥០០ ០០០នាក់។ ក្រោយពេលធ្លាក់ចូលទៅការគ្រប់គ្រងរបស់តាលីបង់ ទីក្រុងយុទ្ធសាស្រ្ដដ៏សំខាន់ សម្រាប់ការនាំចូល នៅភាគខាងលិច ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបិទព្រំដែនជាមួយនឹងប្រទេសអ៊ីរ៉ង់ និង ធើរមេននីស្ថាន (Turmenistan) ទាំងស្រុង។

ការដួលរលំ នៃរដ្ឋាភិបាលទីក្រុងកាប៊ូល គាំទ្រ ដោយលោកខាងលិច បានកើតឡើង ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចប្រកាសដកកងទ័ពសហរដ្ឋអាមេរិកទាំងអស់ ចេញពីអាហ្វហ្គានីស្ថាន។ ពួកតាលីបង់ បានបង្កើនការវាយលុយយ៉ាងខ្លាំងទៅលើកងទ័ពរដ្ឋាភិបាលរបស់លោក Ashraf Ghani ខណៈកងទ័ពរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន មិនសូវនឹងអើពើនឹងការប្រយុទ្ធឲ្យខ្លាំងក្លា ដើម្បីការពារប្រទេសរបស់ខ្លួន។ ដោយសារតែកងទ័ពគ្មានឆន្ទៈ ក្នុងការប្រយុទ្ធ ហើយអំពើពុករលួយ បានចាក់ស្រេះ នៅក្នុងជួរកងទ័ពយ៉ាងខ្លាំង ទើបធ្វើឲ្យប្រទេសដែលហែកហួរដោយសារសង្រ្គាម ធ្លាក់ទៅក្រោមកណ្ដាប់ដៃរបស់តាលីបង់៕