រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការធ្វើសង្រ្គាមកម្ទេចមូលដ្ឋានក្រុមភេរវករ នៅអាហ្វហ្គានីស្ថាន អស់រយៈពេល២០ឆ្នាំ ដោយចំណាយថវិកា អស់៨២២ពាន់លានដុល្លារ ដោយមិនគិតពីប្រតិបត្ដិការ នៅប៉ាគីស្ថាន ហើយទីបំផុត សហរដ្ឋអាមេរិកបានសម្រេចដកកងទ័ពរបស់ខ្លួនទាំងស្រុង ចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ នៅត្រឹមថ្ងៃទី៣១ ខែសីហា។

មន្រ្ដីយោធាសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃទី៣០ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន) ថា ការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ត្រូវបានបញ្ចប់ទៅទាំងស្រុងហើយ ខណៈប្រតិបត្តិការជម្លៀសមនុស្ស ចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ត្រូវបានគេចាត់ទុកថា ជាភាពចលាចលខ្លាំងបំផុត មិនធ្លាប់មាន នៅក្នុងការជម្លៀសតាមផ្លូវអាកាស នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិក។

លោកឧត្ដមសេនីយ៍ Frank McKenzie ជាអ្នកមើលការខុសត្រូវចំពោះការដកកងទ័ពសហរដ្ឋអាមេរិកចេញពីអាហ្វហ្គានីស្ថាននោះ បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានគ្រប់គ្រងការជម្លៀសពលរដ្ឋ តាមផ្លូវអាកាស ចំនួន ១២៣ ០០០នាក់។ កងទ័ពសហរដ្ឋអាមេរិក បានបញ្ចប់នូវការដកកងទ័ពរបស់ខ្លួន នៅត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រោយការធ្វើសង្គ្រាម អស់រយៈពេល២ទសវត្សរ៍ នៅលើទឹកដីអាហ្វហ្គានីស្ថាន។ បច្ចុប្បន្នការទទួលខុសត្រូវលើប្រទេសនេះ ត្រូវធ្លាក់ទៅលើកណ្ដាប់ដៃតាលីបង់។

លោកឧត្ដមសេនីយ៍ Frank McKenzie បានបន្ដថា ការចំណាយទៅលើបេសកកម្ម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននេះ បានកើតឡើងខ្ពស់ ដោយរួមទាំងបាត់បង់ជីវិតកងទ័ពសហរដ្ឋអាមេរិក ជាង ២ ៤០០នាក់ គិតចាប់តាំងពីឆ្នាំ២០០១មក។ ទោះជាយ៉ាងណា លោកឧត្ដមសេនីយ៍ មិនបានបញ្ជាក់លម្អិត អំពីការចំណាយទៅលើការធ្វើសង្គ្រាម រយៈពេល២០ឆ្នាំ នៅលើទឹកដីអាហ្វហ្គានីស្ថាននោះឡើយ។

ដោយឡែកសារព័ត៌មាន BBC បានផ្សាយថា សហរដ្ឋអាមេរិក បានចំណាយថវិកាទៅលើការធ្វើសង្គ្រាម នៅលើទឹកដីសហរដ្ឋអាមេរិក រហូតដល់ទៅ៨២២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ តួលេខទាំងនេះ មិនបានរាប់បញ្ចូលនឹងការចំណាយ សម្រាប់ប្រតិបត្ដិការយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ាគីស្ថាន នោះឡើយ។

លោកឧត្តមសេនីយ៍ Frank McKenzie បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន នៅឯមន្ទីរបញ្ចកោណ ថា «ការជម្លៀសនេះ មានរឿងសោកសង្រេងជាច្រើន បានកើតមានឡើង ហើយយើងមិនអាចនាំមនុស្សគ្រប់គ្នា តាមដែលយើងចង់ ឲ្យចេញមកជាមួយយើងនោះឡើយ។ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើយើងមានពេលត្រឹមតែ១០ថ្ងៃបន្ដទៀត យើងនឹងអាចនាំពួកគេគ្រប់គ្នាឲ្យចាកចេញមកជាមួយយើងបាន»។

ស្របគ្នានឹងការប្រកាសបញ្ចប់ការដកកងទ័ពសហរដ្ឋអាមេរិក នោះ លោក Ross Wilson ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថាន ក៏កំពុងតែស្ថិតនៅក្នុងយន្តហោះអាមេរិក C-17 ដែលកំពុងហោះ ចាកចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ។ ការប្រកាសបិទបញ្ចប់ការដកកងទ័ពរបស់សហរដ្ឋអាមេរិក នាពេលនេះ បានធ្វើឡើងតាមកាលកំណត់ នៅថ្ងៃទី៣១ ខែសីហា។ នេះជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក បានធ្វើតាំងពីយូរណាស់មកហើយ តាមកិច្ចព្រមព្រៀងជាមួយក្រុមតាលីបង់៕