រាជធានីភ្នំពេញ ៖ ការសេពគប់មិត្តគឺជារឿងដ៏សំខាន់បំផុតក្នុងជីវិត ព្រោះមិត្តភក្តិក៏អាចជាចំណែកមួយដែលធ្វើឲ្យអ្នកជោគជ័យ ឬបរាជ័យបានផងដែរ។ នាពេលបច្ចុប្បន្ននេះមានឪពុកម្តាយជាច្រើនតែងតែបានណែនាំអប់រំកូនប្រុសស្រីរបស់ខ្លួនឲ្យរើសរាប់អានមិត្តភក្តិល្អ មិត្តភក្តិដែលនាំទៅរកផ្លូវត្រឹមត្រូវក្នុងជីវិត ទោះបីមានមិត្តត្រឹមតែម្នាក់ក៏ដោយ តែឲ្យតែជាមិត្តដែលប្រកបដោយគុណភាពខាងចិត្តគំនិត និងភាពថ្លៃថ្នូរ។ ម្តាយឪពុកគ្រប់រូប តែងណែនាំកូនខ្លួនឲ្យវៀរចាកមិត្តដែលនាំខ្លួនឲ្យទៅរកផ្លូវមិនល្អ ដូចជាការសេពគ្រឿងញៀនជាដើម។

មានមនុស្សមិនតិចទេដែលចូលចិត្តនិយាយលើកឡើងថា ពួកគេរើសរាប់អានមិត្តភក្តិមិនសំខាន់តែទៅលើបរិមាណនោះទេ ផ្ទុយទៅវិញការរាប់អានមិត្តគេច្រើនតែផ្អែកទៅលើគុណភាពនៃមិត្តភក្តិតែប៉ុណ្ណោះ។ បើមានមិត្តច្រើន តែនៅពេលដែលអ្នកសប្បាយរីករាយ ហើយនៅពេលដែលអ្នកមានទុក្ខមិត្តចំនួនច្រើនទាំងនោះបែរជាមិនមានវត្តមាននោះមានន័យថាមិត្តរបស់អ្នកច្រើនតែបរិមាណនោះទេ។ ក៏ប៉ុន្តែបើអ្នកមានមិត្តតែម្នាក់ ឬពីរនាក់ ហើយគេតែងតែនៅក្បែរអ្នកមិនថាពេលរីករាយ ឬពេលមានទុក្ខ ហើយជួនកាលពួកគេថែមទាំងជួយលើកទឹកចិត្តដល់អ្នកថែមទៀតនោះមានន័យថាមិត្តរបស់អ្នកជាមិត្តគុណភាពយ៉ាងពិតប្រាកដ៕
អត្ថបទដោយ ៖ ប៊ុត បឋវី