រាជធានីភ្នំពេញ ៖ ទុក្ខសោក ជារឿងមួយដែលធ្វើឲ្យមនុស្សពិបាកចិត្ត គិតមិនចេញ ពេលខ្លះរឿងខ្លះដល់ថ្នាក់ធ្វើឲ្យពួកគេស្រក់ទឹកភ្នែកថែមទៀតផង ខណៈដំណោះស្រាយមួយចំនួនដើម្បីគេចចេញពីទុក្ខសោកទាំងនោះហាក់នៅឆ្ងាយពីខ្លួន ឬដៃរបស់ពួកគេ។

អ្នកខ្លះក្រោយជួបប្រទះបញ្ហាជីវិតច្រើនរាប់មិនអស់ ក៏ធ្វើឲ្យពួកគេរស់នៅត្រាំត្រែងតែជាមួយសេចក្ដីទុក្ខ សេចក្ដីឈឺចាប់ ពេលនោះជីវិតពួកគេក៏ហាក់ចាប់ផ្តើមឃ្លាតឆ្ងាយចេញពីភាពរីករាយ គេមិនអាចសើច មិនអាចញញឹម ហើយនិងមិនអាចប្រឈមមុខជាមួយមនុស្សជុំវិញខ្លួន ខណៈអ្នកខ្លះចាប់ផ្តើមគិតថាសព្វថ្ងៃខ្លួនគេរស់កំដរតែថ្ងៃស្លាប់តែប៉ុណ្ណោះ។

ហេតុអ្វីបានជាអ្នកមិនចាប់ផ្តើមថ្ងៃថ្មីសារជាថ្មីជាមួយស្នាមញញឹម ឬជាមួយសំណើច ជំនួសការបង្ហូរទឹកភ្នែក? ស្នាមញញឹម និងទាញយករឿងរ៉ាវល្អៗមកជិតអ្នក ព្រោះក្នុងលោកនេះគ្មាននរណាម្នាក់គេចង់ឃើញទឹកភ្នែកនៃទុក្ខសោកនោះឡើយ។ អ្នកត្រូវរឹងមាំ ត្រូវក្លាហាន និងដើរទៅមុខដោយស្នាមញញឹម ព្រោះពេលខ្លះស្នាមញញឹមគឺពិតជាអាចផ្លាស់ប្ដូរពិភពលោកបានពិតមែន៕