រដ្ឋធានីកាប៊ូល៖ បណ្ដាញផ្សព្វផ្សាយនានាបានរាយការណ៍ថា ក្រុមប្រយុទ្ធរបស់តាលីបង់ បានចាប់ស្រ្ដីអាហ្វហ្គានីស្ថានម្នាក់ដុត ដោយសារពួកគេខឹងធ្វើម្ហូបមិនឆ្ងាញ់ ប៉ុន្ដែអ្នកនាំពាក្យពួកតាលីបង់ បានចេញមុខមកបញ្ជាក់ថា កុំយករឿងអតីតកាលមកគិត ហើយបច្ចុប្បន្ននឹងមិនមានរឿងរ៉ាវបែបនេះទេ។

ពួកឧទ្ទាមតាលីបង់ បានចូលដណ្ដើមកាន់កាប់ទីក្រុងកាប៊ូល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយការវាយប្រយុទ្ធគ្នា អស់រយៈពេល១ខែ ដែលនាំឲ្យរដ្ឋាភិបាលស៊ីវិល ត្រូវដូលរលំ។ លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានរត់ចោលប្រទេស ឆ្ពោះទៅកាន់ប្រទេសអារ៉ាប់រួម តាមអ្វីដែលលោកហៅថា លោកមិនចង់ឲ្យមានការបង្ហូរឈាម ប្រសិនបើមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងក្លាជាមួយនឹងកងជីវពលតាលីបង់។

បណ្ដាញផ្សព្វផ្សាយនានា បានរាយការណ៍ថា ការវិលត្រឡប់របស់ពួកតាលីបង់ មកកាន់អំណាចវិញ ធ្វើឲ្យស្រ្ដីអាហ្វហ្គានីស្ថានកំពុងភ័យខ្លាច។ ស្រ្ដីជាច្រើនមិនហ៊ានវិលត្រឡប់ទៅធ្វើការ ឬក៏ត្រូវពួកនេះបញ្ជាឲ្យស្នាក់នៅតែក្នុងផ្ទះ។

បើតាមសារព័ត៌មាន Sky News បានដកស្រង់សម្តីចៅក្រមអាហ្វហ្គានីស្ថាន និងសកម្មជន Najla Ayoubi យកមកចុះផ្សាយថា ក្រុមប្រយុទ្ធរបស់តាលីបង់ កាលពីពេលថ្មីៗនេះ បានចាប់ស្ត្រីម្នាក់ ដុតទាំងរស់ ដោយសារពួកគេខឹងសម្បា ពីរឿង «ធ្វើម្ហូបអាហារមិនឆ្ងាញ់» ។

ដោយឡែក លោក Suhail Shaheen អ្នកនាំពាក្យរបស់ពួកតាលីបង់ បានបញ្ជាក់ថា មិនមានចំណុចដូចអ្នកគិត អំពីអតីតកាលនោះទេ នៅពេលសួរពីអ្វីដែលតាលីបង់គួរនិយាយទៅកាន់ក្រុមគ្រួសារ នៃអ្នកទាំងនោះ បានបូជាជីវិតរបស់ពួកគេ ដោយព្យាយាមគាំទ្រអាហ្វហ្គានីស្ថាន។

លោក Suhail Shaheen បានបន្ថែមថា «សហរដ្ឋអាមេរិកបានកាន់កាប់ប្រទេសរបស់យើង។ ប្រសិនបើយើងកាន់កាប់ប្រទេសរបស់អ្នក។ ចុះបើខ្ញុំសម្លាប់ប្រជាពលរដ្ឋរបស់អ្នក នៅក្នុងប្រទេសរបស់អ្នក តើអ្នកនឹងនិយាយយ៉ាងម៉េច? ខ្ញុំគិតថា មនុស្សទាំងអស់រងទុក្ខខ្លាំងណាស់, មានតែការបង្ហូរឈាម និងការបំផ្លាញអ្វីៗគ្រប់យ៉ាង។ ប៉ុន្តែយើងនិយាយថា អតីតកាល ជារឿងអតីតកាល។ ផ្នែក នៃអតីតកាលជារឿងប្រវត្ដិសាស្រ្ដរបស់យើង។ ឥឡូវនេះយើងចង់ផ្តោតលើអនាគត»។

លោក Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់តាលីបង់ មានសេចក្ដីរាយការណ៍ថា នឹងប្រកាសពីសេចក្ដីសម្រេចចិត្ត ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធអនាគតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នៅក្នុងរយៈពេល២សប្ដាហ៍ខាងមុខនេះ៕