រដ្ឋធានីកាប៊ូល៖ ក្រោយការរឹបអូសអំណាច នៅអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នោះមក មេដឹកនាំរបស់តាលីបង់ ចាប់ផ្ដើមព្រមានដល់សហរដ្ឋអាមេរិក ប្រសិនបើពង្រីកពេលវេលាដកកងទ័ព ចេញពីទឹកដីអាហ្វហ្គានីស្ថាន។

បើតាមសារព័ត៌មានរុស្ស៊ី Sputnik បានផ្សាយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោក Suhail Shaheen អ្នកនាំពាក្យរបស់ពួកតាលីបង់ បានថ្លែងសង្កត់ធ្ងន់ សំដៅទៅលើការដកកងទ័ពសហរដ្ឋអាមេរិក, ការជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន និងសិទ្ធិរបស់ស្រ្ដី។ អ្នកនាំពាក្យរូបនេះ ថែមទាំងព្រមានថា ការដកកងទ័ពរបស់សហរដ្ឋអាមេរិក បានកំណត់រួចរាល់ហើយ នៅថ្ងៃទី៣១ ខែសីហា ។ ប៉ុន្ដែប្រសិនបើសហរដ្ឋអាមេរិក និង អង់គ្លេស ចង់ពន្យារពេលវេលា ក្នុងការជម្លៀស និង ការដកកងទ័ពចេញ ពីអាហ្វហ្គានីស្ថាន នឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ។

អ្នកនាំពាក្យតាលីបង់ បានបញ្ជាក់ថា បច្ចុប្បន្ន វាកំពុងស្ថិតនៅលើបន្ទាត់ក្រហម ព្រោះលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកំណត់យកថ្ងៃទី៣១ ខែសីហា សហរដ្ឋអាមេរិក នឹងត្រូវដកកងទ័ពចេញពីទាំងអស់ ពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្ដែប្រសិនបើ សហរដ្ឋអាមេរិក ចង់ពន្យារពេលដកកងទ័ព នេះមានន័យថា សហរដ្ឋអាមេរិក កំពុងតែចង់បានពេលវេលា សម្រាប់គ្រប់គ្រងអាហ្វហ្គានីស្ថាន។

លោក Suhail Shaheen អ្នកនាំពាក្យរបស់ពួកតាលីបង់ បានបន្ថែមថា បើអាមេរិកធ្វើយ៉ាងដូច្នេះមែន គឺក្រុមប្រយុទ្ធតាលីបង់ ច្បាស់ណាស់ពិតជាឆ្លើយថា «ទេ» ។ សហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស មិនមានហេតុផលអ្វីផ្សេង ចង់បន្ថែមពេលវេលា ដើម្បីបន្ដជម្លៀសនោះដែរ។ ការពង្រីកពេលវេលាបិទបញ្ចប់នូវការដកកងទ័ព នឹងបង្កើតនូវការមិនទុកចិត្ត។ ប្រសិនបើសហរដ្ឋអាមេរិក មានគោលបំណងបន្ដកាន់កាប់ទឹកដីអាហ្វហ្គានីស្ថាន តាលីបង់នឹងប្រតិកម្ម ហើយផលវិបាកធ្ងន់ធ្ងរអាចនឹងកើតឡើង។

ដោយឡែក សារព័ត៌មានអង់គ្លេស Telegraph បានផ្សាយថា នៅក្នុងអំឡុងកិច្ចប្រជុំមេដឹកនាំ G7 នៅថ្ងៃអង្គារ (ទី២៤ ខែសីហា ឆ្នាំ២០២១) លោក Boris Johnson នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស នឹងជំរុញឲ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ពន្យារពេលដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន៕