រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែបច្ចុប្បន្នវីរុសបំប្លែងខ្លួនថ្មី Delta កំពុងតែរាតត្បាតយ៉ាងខ្លាំង នៅលើទឹកដីសហរដ្ឋអាមេរិក ហើយពលរដ្ឋមួយចំនួន នៅតែមិនទាន់ទទួលការចាក់វ៉ាក់សាំង ហើយរង់ចាំរដ្ឋបាលចំណីអាហារ និង ឱសថសហរដ្ឋអាមេរិក (FDA) អនុម័តជាផ្លូវការ ទើបពួកគេចាក់ តែចុងក្រោយនេះ FDA បានអនុម័តឲ្យប្រើប្រាស់ពេញលេញនូវវ៉ាក់សាំង Pfizer-BioNTech ។

សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែសីហា ថា មន្រ្តីសុខាភិបាលអាមេរិក បានព្រមានថា មេរោគកូវីដដែលលេចធ្លោ នាពេលបច្ចុប្បន្ន គឺឆ្លងទ្វេដង ដូចវីរុសមុនៗ ហើយវាអាចបណ្តាលឱ្យកើតជំងឺធ្ងន់ធ្ងរ ជាងវីរុសបំប្លែងខ្លួនមុនៗថែមទៀតផង ជាពិសេស សម្រាប់អ្នកមិនទាន់បានទទួលការចាក់វ៉ាក់សាំង។ បច្ចុប្បន្ន ស្ថាប័នជំនាញសុខាភិបាលសហរដ្ឋអាមេរិក កំពុងតែជំរុញឲ្យបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយសារបច្ចុប្បន្ន មានការរាតត្បាត ពីវីរុសបំប្លែងខ្លួនថ្មី Delta (SARS-CoV-2 Delta) នាំឲ្យសហរដ្ឋអាមេរិក មានការផ្ទុះឡើងនូវករណីឆ្លងថ្មីច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

រដ្ឋបាលចំណីអាហារ និង ឱសថរបស់សហរដ្ឋអាមេរិក ហៅកាត់ FDA បានប្រកាស កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ថា វ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ ប្រឆាំងនឹងវីរុសកូរ៉ូណា (កូវីដ-១៩) សម្រាប់មនុស្សមានវ័យចាប់ពី១៦ឆ្នាំឡើងទៅ នៅសហរដ្ឋអាមេរិក។

វ៉ាក់សាំង Pfizer-BioNTech ត្រូវបានបង្កើតឡើង ដោយមានកិច្ចសហការពីក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក និង ក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ហើយ Pfizer-BioNTech ជាវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងចំនួន៣ ត្រូវបានរកឃើញ នៅសហរដ្ឋអាមេរិក។ មុនដំបូងវ៉ាក់សាំងនេះ ត្រូវបាន FDA អនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ ដោយសារវីរុសកូវីដ-១៩ កំពុងតែរាតត្បាតយ៉ាងខ្លាំអ នៅលើទឹកដីសហរដ្ឋអាមេរិក ។ វ៉ាក់សាំង Pfizer-BioNTech នេះ នឹងនៅតែអាចប្រើប្រាស់ សម្រាប់កុមារ មានអាយុចាប់ពី១២-១៥ឆ្នាំ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋអាមេរិកាំងទាំងអស់ ដែលមិនទាន់ទទួលបានចាក់វ៉ាក់សាំង ត្រូវពិចារណាលើការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer-BioNTech ព្រោះវាមានសុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់អ្នកទាំងអស់គ្នា ប្រឆាំងនឹងវីរុស។ លោកប្រធានាធិបតី បានជំរុញដល់ថ្នាក់ដឹកនាំវិស័យរដ្ឋ និងឯកជន ត្រូវអនុវត្ដនូវតម្រូវការ នៃការចាក់វ៉ាក់សាំងថ្មីនេះ។

ការអំពាវនាវរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានកើតឡើងភ្លាមៗ ក្រោយពេលរដ្ឋបាលចំណីអាហារ និង ឱសថសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃចន្ទ (ទី២៣ ខែសីហា ឆ្នាំ២០២១)។ លោកប្រធានាធិបតី បានប្រកាសយ៉ាងច្បាស់ថា «ប្រសិនបើអ្នកជាមនុស្សម្នាក់ ក្នុងចំណោមពលរដ្ឋអាមេរិក រាប់លាននាក់ ដែលនិយាយថា ពួកគេនឹងមិនទទួលការចាក់វ៉ាក់សាំង រហូតល្គឹកណាវ៉ាក់សាំងទាំងនេះ មានការអនុញ្ញាតយ៉ាងពេញលេញ និងអនុម័តចុងក្រោយ ពី FDA ។ ប៉ុន្ដែឥឡូវនេះ វ៉ាក់សាំងនេះ ត្រូវបាន FDA អនុម័តឲ្យប្រើប្រាស់យ៉ាងពេញលេញហើយ។

គេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៧២ ៣៨៨នាក់ និង មានករណីស្លាប់ថ្មី ៣១៣នាក់។ សហរដ្ឋអាមេរិក ក្លាយជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងកូវីដ-១៩ សរុប ៣៨ ៧២១ ៧៩៧នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៤៥ ៧៩១នាក់ និងមានអ្នកជាសះស្បើយ ៣០ ៥៤៧ ៩៦៣នាក់៕