រដ្ឋធានីវ៉ាស៊ីនតោន៖ គ្រោះទឹកជំនន់ បានវាយប្រហារទៅលើតំបន់ភាគខាងត្បូង នៃរដ្ឋ Tennessee សហរដ្ឋអាមេរិក ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងតិច២២នាក់បាតបង់ជីវិត ហើយពលរដ្ឋជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន។

បើតាមសារព័ត៌មាន Aljazeera បានចេញផ្សាយ នៅថ្ងៃទី២៣ ខែសីហា ថា បើតាមមន្រ្ដីក្នុងតំបន់ បានអះអាងថា គ្រោះទឹកជំនន់នេះ បានសម្លាប់មនុស្សយ៉ាងតិច២២នាក់។ ដោយឡែកមនុស្សរាប់សិបនាក់ផ្សេងទៀត រហូតមកដល់ថ្ងៃអាទិត្យ (ទី២២ ខែសីហា) នៅតែបាត់ខ្លួន។

មន្រ្ដីនៅក្នុងតំបន់ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែសីហា ភ្លៀងបានវាយប្រហារយ៉ាងខ្លាំងទៅលើរដ្ឋ Tennessee នាភាគនិរតី នៃសហរដ្ឋអាមេរិក។ ភ្លៀងដ៏ខ្លាំងនេះបាន បង្កឲ្យកើតជាទឹកជំនន់លិចតំបន់ជាច្រើន ដោយបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់២២នាក់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ គ្រោះធម្មជាតិនេះបានបំផ្លាញផ្ទះសម្បែង និងកាត់ផ្ដាច់ផ្លូវជាច្រើនខ្សែ ។ ចំណែក ក្រុមអ្នកជួយសង្រ្គោះ ក៏កំពុងតែស្វែងរកអ្នកបាត់ខ្លួន ទាំងក្ដីអស់សង្ឃឹម៕