រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែមានការគំរាមកំហែង វាយប្រហារពីក្រុមរដ្ឋអ៊ិស្លាម ISIL ទើបប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឲ្យបង្កើនការជម្លៀសពលរដ្ឋ តាមផ្លូវអាកាសចេញពីប្រទេសអាហ្វហ្គានីស្ថាន។

បើតាមទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង កាលពីថ្ងៃអាទិត្យ (ទី២២ ខែសីហា) ថា ការជម្លៀសពលរដ្ឋអាមេរិក ជនជាតិអាហ្វហ្គានីស្ថាន ដែលងាយរងគ្រោះ និងពលរដ្ឋដទៃទៀត ដែលដឹកនាំដោយអាមេរិក ចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ូល ត្រូវតែបង្កើន នៅសប្ដាហ៍នេះ។ សកម្មភាពបែបនេះ ក៏ដោយសារមានការគំរាមកំហែងពីក្រុមនិយមជ្រុល នៃរដ្ឋអ៊ិស្លាម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅឯសេតវិមាន លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ ថា «លោកបានដឹកនាំក្រសួងការបរទេសសហរដ្ឋអាមេរិក ទាក់ទងទៅពលរដ្ឋអាមេរិកាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តាមទូរស័ព្ទ, Email និងមធ្យោបាយដទៃទៀត។ ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មានគម្រោងបញ្ជូនពួកគេទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ូល។ ចំណែកការជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ តាមផ្លូវអាកាស ចេញពីទីក្រុងកាប៊ូល នឹងធ្វើទៅដោយការលំបាក និងឈឺចាប់បំផុត»។

លោកប្រធានាធិបតី ចូ បៃដិន បានបន្ដថា ចាប់តាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១មក កងទ័ពសហរដ្ឋអាមេរិក បានជម្លៀសពលរដ្ឋ ចំនួន២៨ ០០០នាក់ រួមទាំងមនុស្ស ១១ ០០០នាក់ ដែលបានចេញដំណើរ ពីទីក្រុងកាប៊ូល ក្នុងរយៈពេល៣៦ម៉ោង នៅចុងសប្ដាហ៍នេះ។ រីឯ មនុស្សរាប់ម៉ឺននាក់ផ្សេងទៀត កំពុងរង់ចាំការជម្លៀសតាមផ្លូវអាកាសនេះ ហើយសកម្មភាពនេះ មានការយឺតយ៉ាវ ដោយសារបញ្ហាសន្ដិសុខ និងការិយាធិបតេយ្យរបស់សហរដ្ឋអាមេរិក។

ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ថា ពលរដ្ឋអាហ្វហ្គានីស្ថានចំនួន៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍តោងរបងអាកាសយានដ្ឋាន កាលពីថ្ងៃអាទិត្យ (ទី២២ ខែសីហា) ។
ដោយឡែកមន្រ្ដីណាតូ បានអះអាងថា យ៉ាងហោចណាស់ ក៏មានមនុស្សយ៉ាងតិច២០នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ រយៈពេល៧ថ្ងៃកន្លងមកនេះ ទាំងនៅក្នុង និងខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ូល។ ចំណែកសាក្សីបានបញ្ជាក់ថា ជនរងគ្រោះខ្លះបានស្លាប់ដោយគ្រាប់កាំភ្លើង និងខ្លះស្លាប់ដោយការរត់ជាន់គ្នា។

ក្រុមជីវពលតាលីបង់ កាលពីថ្ងៃអាទិត្យ (ទី២៣ ខែសីហា ឆ្នាំ២០២១) បានដេញវាយមនុស្សរាប់ពាន់នាក់ ដែលប្រមូលផ្ដុំគ្នា នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាបូល ដើម្បីឲ្យពួកគេវិលត្រឡប់ទៅផ្ទះវិញ។ ប៉ុន្ដែសាក្សី បានបញ្ជាក់ថា សកម្មភាពរបស់ពួកតាលីបង់ មិនបានបង្កឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕