រដ្ឋធានីកាប៊ូល៖ ដោយសារតែការភ័យខ្លាចពួកតាលីបង់ ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន នាំគ្នារត់ឡើងជិះយន្ដហោះ បណ្ដាលឲ្យជាន់គ្នា ស្លាប់ចំនួន៧នាក់បន្ថែមទៀត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ូល។

បណ្ដាញសារព័ត៌មានអាល្លឺម៉ង់ DW បានផ្សាយថា ជនជាតិអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានរត់ជាន់គ្នាស្លាប់ចំនួន៧នាក់ ដោយសារពួកគេភ័យខ្លាច ពីហានិភ័យដល់អាយុជីវិតរបស់ពួកគេ ក្រោមការអនុវត្ដច្បាប់ Sharia (ច្បាប់អ៊ិស្លាម) របស់ពួកតាលីបង់។ ហេតុការណ៍នេះ បានកើតឡើង នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។

សេតវិមាន បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី២២ ខែសីហា) ថា ក្រុមហ៊ុនយន្ដហោះពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នឹងត្រូវប្រើប្រាស់ ដើម្បីជំនួយដល់កិច្ចខិតខំប្រឹងប្រែងជាថ្មី ដល់ការជម្លៀស ចេញពីអាហ្វហ្គានីស្ថាន។

លោក Boris Johnson នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធ័រ ថា «លោកនឹងកោះប្រជុំមេដឹកនាំ G7 នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីពិភាក្សាគ្នា អំពីអាហ្វហ្គានីស្ថាន។ សហគមន៍អន្តរជាតិ ត្រូវតែធ្វើការរួមគ្នា ដើម្បីធានាពីសុវត្ថិភាពដល់ការជម្លៀស ហើយទប់ស្កាត់វិបត្តិមនុស្សធម៌ និងគាំទ្រដល់សកម្មភាពរបស់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ដែលទទួលបាន ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ»។

ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ទី២២ ខែសីហា ឆ្នាំ២០២១០ បានចេញបទបញ្ជាដល់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលផ្សេងៗ ឲ្យជួយគាំទ្រដល់ការជម្លៀស ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ មន្ទីរបញ្ចកោណនឹងប្រើប្រាស់កម្មវិធីកងជំនួយផ្នែកស៊ីវិលតាមផ្លូវអាកាស ដោយប្រើប្រាស់យន្ដហោះពាណិជ្ជកម្មស៊ីវិល សម្រាប់គោលបំណងសន្ដិសុខជាតិ។

ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោក Lloyd Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានស្នើសុំយន្ដហោះជាច្រើនគ្រឿង មកពីបណ្ដាក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក រួមមាន ក្រុមហ៊ុន American Airlines, Atlas Air, Delta Air Lines និងក្រុមហ៊ុន Omni Air ក៏ដូចជាយន្ដហោះ២ទៀត មកពីក្រុមហ៊ុន Hawaiian Airline និងយន្ដហោះ៤គ្រឿងទៀត មកពីក្រុមហ៊ុន United Airlines ។

ក្រោយពេល ពួកតាលីបង់ បានវាយដណ្ដើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១មក ពលរដ្ឋអាហ្វហ្គានីស្ថាន បានសម្រុកទៅកាន់ព្រលាន​យន្ដហោះ​ទីក្រុងកាប៊ូល ដើម្បីស្វែងរកការជិះយន្ដហោះ ភៀសខ្លួនចេញ ពីប្រទេសកំណើតរបស់ពួកគេ។ ភាពវឹកវរនេះ បណ្ដាលឲ្យចំនួនអ្នកស្លាប់ កើនដល់១៩នាក់ ដោយសារការត់ជាន់គ្នា និងធ្លាក់ពីការតោងយន្ដហោះ៕