រាជធានីភ្នំពេញ ៖ មនុស្សស្រីគ្រប់រូបសុទ្ធតែត្រូវការក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងការឲ្យតម្លៃពីស្វាមីរបស់ខ្លួន ខណៈមានមនុស្សស្រីមិនតិចទេដែលធ្លាប់និយាយថាខ្លួនសុខចិត្តគ្មានតម្លៃក្នុងកែវភ្នែកមនុស្សគ្រប់គ្នា សុំត្រឹមតែស្វាមីរបស់ខ្លួនមើលឃើញតម្លៃរបស់នាងទៅគឺគ្រប់គ្រាន់ហើយ។ ក៉ុន្តែក៏នៅមានមនុស្សស្រីមួយចំនួនទៀត ហាក់ព្យាយាមលះបង់យ៉ាងណាក៏មិនត្រូវទទួលបានតម្លៃ ឬកិត្តិយសពីស្វាមីរបស់ខ្លួនឡើយ។

១. ប្រភេទមនុស្សស្រីដែលមានភាពលោភលន់គ្មានទីបញ្ចប់ ៖ មនុស្សស្រីមួយចំនួនតូចហាក់តែងតែមានអំនួត អួតអាងនៅពេលដែលស្វាមីរបស់ខ្លួនជាមនុស្សដែលមានទ្រព្យសម្បត្តិស្តុកស្តុម។ មនុស្សស្រីប្រភេទនេះតែងតែចង់បាន និងទាមទារមិនចេះចប់មិនចេះហើយ មិនយូរមិនឆាប់នាងនឹងអាចអស់តម្លៃក្នុងកែវភ្នែកស្វាមីព្រោះដោយហេតុតែការចំណាយប្រាក់កាសស្វាមីលើសលប់ពេក ហើយចំណុចនេះផងដែរបើទោះបីជានាងខំប្រឹងលះបង់ ឬធ្វើយ៉ាងណាក៏ស្វាមីហាក់នឹងអារម្មណ៍ធុញទ្រាន់ចំពោះខ្លួនជាក់ជាមិនខាន។ មនុស្សស្រីដែលឆ្លាតគឺជាមនុស្សដែលចេះចំណាយប្រាក់កាសដោយបញ្ញា និងឈ្លាសវៃហើយនៅតែសន្សំមិនមែនគ្រាន់តែខ្ជះខ្ជាយនោះទេទេ។

២. ប្រភេទមនុស្សស្រីដែលនិយាយអ្វីប្រើតែអារម្មណ៍ពុំគិតពិចារណា ៖ ជាការពិតណាស់ មនុស្សស្រីប្រភេទនេះចូលចិត្តប្រើអារម្មណ៍ខឹង ពូកែអាក់អន់ចិត្ត ហើយចូលចិត្តស្រែកគំហកដាក់ស្វាមី ជាហេតុធ្វើឲ្យអ្នកដទៃងាយដឹងរឿងក្នុងគ្រួសារ។ នេះមិនមែនជាទង្វើមួយដែលមនុស្សជាស្វាមីចង់បានពីប្រពន្ធរបស់ខ្លួននោះទេ។ មនុស្សស្រីដែលឆ្លាត និងអាចធ្វើឲ្យស្វាមីយល់ ឬមើលឃើញពីតម្លៃរបស់ខ្លួនបានជាប្រភេទមនុស្សដែលចេះនិយាយគិតមុខគិតក្រោយ ចេះប្រយ័ត្នប្រយែងរាល់ពាក្យសម្តី និងចេះនិយាយស្ដីគ្រប់គ្រងចិត្តខ្លួន៕