រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយពីឈ្មោះសត្វ តឹកកែ ដែលភាគច្រើនសត្វនេះមាននៅតាមផ្ទះប្រជាជន ក៏ដូចជានៅតាមដើមឈើផងដែរ។ សត្វតឹកកែត្រូវបានសម្តេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យថា ជាសត្វពួកជីងចក់ តែធំជាងជីងចក់ មានសម្បុរផ្អុចៗមានជើងស្អិត ចាប់ត្រង់ណាជាប់ត្រង់នោះ យំលឺសូរតឹកកែៗ ឬតុកកែៗ ខណៈសត្វនេះត្រូវបានមហាជនមួយចំនួននៅមិនទាន់ដឹងថាវាជាប្រភេទសត្វព្រៃ ឬក៏មិនមែនផងដែរ។

យ៉ាងណាមិញមានអ្នកខ្លះបានគិតថាសត្វតឹកកែ គឺជាប្រភេទសត្វស្រុកដោយសារវារស់នៅលើផ្ទះរបស់មនុស្សផង និងខ្លះក៏រស់នៅតាមដើមឈើ ក៏ប៉ុន្តែតាមការពិតសត្វតឹកកែគឺជាប្រភេទសត្វត្រូវបានគេរាប់បញ្ចូលជាសត្វព្រៃដែលគេកំណត់ថាជាប្រភេទ ឧរង្គសត្វផងដែរ ខណៈការកំណត់មួយនេះត្រូវបានចែងក្នុងប្រកាសលេខ ០២០ ប្រក.កសក ស្ដីពី «ចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃ» ឆ្នាំ២០០៧ នៅត្រង់ទំព័រ១៣៤០។

គួរបញ្ជាក់ផងដែរថា បើយោងតាមវចនានុគ្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បានលើកឡើងពីសត្វតឹកកែនេះដែរ ខណៈក្នុងនោះក៏មានពាក្យតំណាលថាសត្វតឹកកែនេះកាលបើបានឃើញពស់មួយប្រភេទដែលមានមាឌតូចរៀវសម្បុរបៃតងហើយ នោះវាតែងតែហាមាត់ធំដើម្បីបើកឱកាសឲ្យពស់នោះចូលស៊ីថ្លើមរបស់វា ប៉ុន្តែសត្វតឹកកែនោះនៅរស់ទេ គ្រាន់តែវាឈប់លែងយំអស់កាលយូរ លុះថ្លើមរបស់វាដុះធំឡើងវិញទើបយំ ហើយពស់នោះឃើញក៏ចូលទៅស៊ីថ្លើមទៀត៕