រដ្ឋធានីកាប៊ូល (Kabul)៖ ក្រោយពេលវាយដណ្ដើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន ទាំងមូល ​ក្នុងរយៈពេលដ៏ខ្លីរួចមក ពួកតាលីបង់ ​បានចេញសេចក្ដីប្រកាសរបស់ខ្លួន លើកលែងទោសជាទូទៅដល់មន្រ្ដីរដ្ឋាភិបាលទីក្រុងកាប៊ូលទាំងអស់។​

បើតាមសារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ថា​ ពួកតាលីបង់ ​បានចេញសេចក្ដីប្រកាស លើកលែងទោសជាទូទៅ ដល់មន្រ្ដីរដ្ឋាភិបាលទាំងអស់។ ពួកតាលីបង់​បានជំរុញឲ្យមន្រ្ដីរដ្ឋាភិបាលទាំងអស់ ត្រូវវិលត្រឡប់មកធ្វើការវិញ ដោយមានទំនុកចិត្តបំផុត។​

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP  បានដកស្រង់សេចក្ដីថ្លែងការណ៍របស់តាលីបង់ ថា« ការលើកលែងទោសទូទៅនេះ ត្រូវបានប្រកាស សម្រាប់មនុស្សទាំងអស់គ្នា… ដូច្នេះអ្នកគួរតែចាប់ផ្ដើមដំណើរការជីវិតធម្មតា ដោយមានទំនុកចិត្តបំផុត»។

ពួកឧទ្ទាមតាលីបង់ បានប្រកាសបែបនេះ ចំពេល​ពលរដ្ឋអាហ្វហ្គានីស្ថាន មានភ័យខ្លាច​ដោយសារពួកគេធ្លាប់បម្រើការងារ នៅក្នុងរដ្ឋាភិបាល ឬអង្គការនានា ​ដែលគាំទ្រ ដោយលោកខាងលិច។ ក្នុងចំណោមអ្នកទាំងនោះ​ មានទាំងអ្នកធ្វើការងារ ជាអ្នកបកប្រែ សម្រាប់កងទ័ពអាមេរិក ឧទាហរណ៍ គឺភ័យខ្លាចផលប៉ះពាល់ដល់ពួកគេ។​

ប្រជាពលរដ្ឋ មានការភ័យខ្លាចបែបនេះ ក៏ដោយសារតែតាលីបង់ ត្រូវបានគេស្គាល់ថា បានអនុវត្តការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅ ហើយត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្ដែ​ពួកគេបានបដិសេធ។

ការប្រកាសលើកលែងទោសរបស់ពួកតាលីបង់ ក៏អាចជាការលួងចិត្តដល់លោកខាងលិច និងសហគមន៍អន្ដរជាតិឲ្យងាកមកគាំទ្រនូវសកម្មភាពរបស់ខ្លួន ព្រោះបណ្ដាប្រទេសនានា នៅលើសកលលោក បានអះអាង ពីការគោរពសិទ្ធិមនុស្ស ជាមូលដ្ឋាន ជាពិសេសសិទ្ធិរបស់ស្រ្ដី៕