រាជធានីភ្នំពេញ ៖ លុយ ឬប្រាក់ ជារូបិយប័ណ្ណដែលមនុស្សស្ទើរតែពេញមួយផែនដីត្រូវការដើម្បីដោះដូរនូវរាល់អ្វីមួយដែលគេចង់បាន ខណៈបច្ចុប្បន្ននេះមនុស្សគ្រប់គ្នាព្យាយាមប្រឹងប្រែងធ្វើការដោយកម្លាំងដើម្បីទទួលបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវិតខ្លួន និងជីវភាពគ្រួសារ។ មនុស្សមួយចំនួនតែងតែគិតថា លុយអាចធ្វើឲ្យគេមានក្ដីសុខ មានសុភមង្គលបាន ព្រោះលុយអាចទិញផ្ទះវីឡាធំៗ អាចទិញឡានទំនើបៗ ចង់ទទួលទាននូវម្ហូបអាហារថ្លៃៗជាដើម ស្របពេលដែលអ្នកខ្លះក៏កំពុងតែរងគ្រោះ ឬរងទុក្ខសោកព្រោះតែលុយនេះដែរ។

ប្រាក់ ឬលុយ គ្រាន់តែជាក្រដាសតែប៉ុណ្ណោះ វាគ្មានភាពសំខាន់ដែលអាចធ្វើឲ្យមនុស្សកោតខ្លាច ឬញញើតបាននោះឡើយ ក៏ប៉ុន្តែគេខ្លាចតែចំពោះចរិតរបស់មនុស្សទាំងឡាយណាដែលនៅពេលមានប្រាក់បែរជាកោងកាច ឬឈ្លក់វង្វេងហួសប្រមាណជាមួយនឹងប្រាក់ឬលុយនេះតែប៉ុណ្ណោះ។ មនុស្សមួយចំនួន អាងខ្លួនមានប្រាក់ហ៊ានជេរប្រមាថ ហ៊ានគំរាមកំហែង ឬយកប្រាក់មកសម្លុតជនស្លូតត្រង់ ដែលនេះជាប្រការមួយដ៏គួរឲ្យស្អប់ខ្ពើម និងគួរឲ្យខ្លាចផងដែរ។

ចរិតអ្នកមានលុយ តែងតែយកលុយមកធ្វើជាគ្រឿងសម្អាង ឬតែងតែយកលុយតមកដឹកមុខ ហើយពេលខ្លះព្រោះតែភាពអំនួតព្រោះមានលុយ ក៏អាចធ្វើឲ្យជីវិតគេលិចលង់ទៅបានដោយប្រការណាមួយផងដែរ៕