រាជធានីភ្នំពេញ ៖ ក្នុងសម័យកាលមួយដែលកំពុងតែផ្ទុះជំងឺកូវីដ១៩ ត្រូវបានរកឃើញថាមានអ្នកឆ្លង និងអ្នកស្លាប់ច្រើនសន្ធឹកសន្ធាប់ដែលគប្បីតម្រូវឲ្យមនុស្សគ្រប់រូបបន្ថែមការប្រុងប្រយ័ត្ន និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យរាងកាយ ដើម្បីរក្សាសុខភាពឲ្យបានរឹងមាំ បង្ការការឆ្លងជំងឺកូវីដ១៩ ខណៈក្រសួងពាក់ព័ន្ធបានណែនាំ និងហាមប្រាមដោយដាក់បម្រាមជាបន្តបន្ទាប់ផងដែរទាំងនៅក្នុងរាជធានី និងនៅតាមបណ្តាខេត្ត។

យ៉ាងណាមិញក្នុងអំឡុងនៃការទប់ស្កាត់ជំងឺកូវីដ១៩នេះដែរ ក៏នៅមានខារ៉ាអូខេ រង្គសាល ដែលបន្តដំណើរការល្មើសនឹងបម្រាមថ្នាក់ដឹកនាំ និងត្រូវបានអាជ្ញាធរចុះទៅបង្ក្រាបជាញឹកញាប់ផងដែរនាពេលកន្លងមក។ ងាកមកកាន់បងប្អូនបុរសមួយចំនួនដែលគាត់ហាក់មិនបានខ្វល់ខ្វាយនឹងបញ្ហាសុខភាព បែរជាយកភ្លេចខ្លួនយកពេលទៅសប្បាយជាមួយនឹងនារីខាងក្រៅ ដោយភ្លេចគិតថាក្នុងបរិបទកូវីដ១៩នេះហានិភ័យឆ្លងគឺមានគ្រប់ពេល ជាហេតុអាចនាំទុក្ខដល់ប្រពន្ធកូន និងក្រុមគ្រួសារទាំងមូល។

ជារឿងដែលល្អ បុរសមួយចំនួនដែលមានគ្រួសារ ឬមានភរិយាគួរយកពេកវេលាដែលមានផ្ទុះជំងឺឆ្លងបែបនេះមកថែទាំងគ្រួសារ ប្រពន្ធកូន ដោយព្យាយាមបង្កើតបរិយាកាសល្អៗក្នុងក្រុមគ្រួសាររបស់ខ្លួននោះជីវិតអ្នកនឹងអាចទទួលបានសុភមង្គលពិតប្រកដ រួមទាំងមានក្ដីសុខក្នុងក្រុមគ្រួសារផងដែរ៕

អត្ថបទដោយ ៖ ប៊ុត បឋវី