រាជធានីភ្នំពេញ ៖ ក្នុងជីវិតជាដៃគូស្នេហាប្រាកដណាស់ដែលថាពួកគេច្បាស់ជាមានអនុស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើននៅពេលដែលពួកគេកំពុងតែស្រឡាញ់គ្នា ពាក្យសន្យា ការប្រាថ្នា និងគោលបំណងរបស់ពួកគេសុទ្ធតែធ្វើឡើងរួមគ្នា ជាពិសេសនោះគឺការចង់កសាងក្រុមគ្រួសារមួយដែលប្រកបទៅដោយក្ដីស្រឡាញ់ និងសុភមង្គលពិត។

ក៏ប៉ុន្តែក្នុងអំឡុងពេលស្រឡាញ់គ្នា គ្មាននរណាម្នាក់ដឹងបានទេថាថ្ងៃស្អែកនឹងជួបរឿងអ្វីកើតឡើង។ ដៃគូស្នេហានៅលើលោកនេះជាច្រើនគូ ដែលបានចែកផ្លូវគ្នាព្រោះការខ្វែងគំនិតគ្នា ការផិតក្បត់ ឬការមិនចុះសម្រុងគ្នាជាដើម ជាហេតុធ្វើឲ្យពួកគេមិនអាចបន្តក្ដីសុបិនរួមជាមួយគ្នាតទៅទៀតបាន ខណៈដែលគូស្នេហ៍ដែលបែកគ្នាមួយចំនួន នៅពេលបែកគ្នាហើយហាក់នៅតែមានចិត្តគុំគួន និងមិនចង់ឲ្យគេបានទៅជួបជាមួយដៃគូថ្មី ក៏រកវិធីផ្សេងៗក្នុងចងពៀរមិនចេះចប់មិនចេះហើយ ហើយលើសពីនេះអាចនឹងដល់ថ្នាក់សម្លាប់គ្នាក៏ថាបាន។

តាមពិតទៅ នៅពេលដែលជីវិតគូបានចែកផ្លូវគ្នា មនុស្សម្នាក់ៗគួរណាស់តែរស់នៅរៀងខ្លួន ស្វែងរកជីវិតថ្មីដែលប្រសើរជាងនេះដោយមិនគួរបន្តការចងគំនុំ ឬចងពៀរគ្នានោះឡើយ ព្រោះថាវាមិនមែនជាក្ដីសុខពិតប្រាកដនៃជីវិត៕

អត្ថបទដោយ ៖ ប៊ុត បឋវី