រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូបតែងតែមានពេលសប្បាយចិត្ត ពេលខកចិត្ត នៅវេលាណាមួយដោយចៀសមិនផុត ខណៈអ្នកខ្លះជាមនុស្សចិត្តក្ដៅចូលចិត្តគិតលឿន ធ្វើលឿន ខ្វះការគិតឲ្យបានល្អិតល្អន់ជាហេតុធ្វើឲ្យគេសម្រេចខុស ឬអាចមានបញ្ហាព្រោះភាពលឿនហួសប្រមាណរបស់ខ្លួនក៏ថាបាន។

ដើម្បីកុំឲ្យមានការខកចិត្ត ខកបំណង មនុស្សត្រូវចេះគិតគូរ វិនិច្ឆ័យនូវរាល់អ្វីមួយដែលបម្រុងនឹងកើតមានឡើង ដោយមិនត្រូវសម្រេចចិត្តអារការត់ ឬធ្វើវានៅពេលដែលខ្លួនកំពុងតែខឹងនោះទេ ព្រោះកំហឹងវានឹងនាំមានបញ្ហា ឬកើតរឿងរ៉ាវផ្សេងៗនៅពេលខាងក្រោយ។ នៅពេលដែលមនុស្សខឹង ពួកគេតែងតែនិយាយចេញមកដោយខ្វះការគិត ហេតុនេះអ្នកគួរតែរម្ងាប់អារម្មណ៍ខឹងរបស់ខ្លួនឲ្យស្ងប់សឹមសម្រេចចិត្តជាថ្មីនោះក៏មិនទាន់ហួសពេលដែរ។

ចំណែកមនុស្សមួយចំនួនទៀតតែងតែនិយាយពាក្យសន្យាបែបនេះ បែបនោះនៅពេលដែលខ្លួនកំពុងតែសប្បាយចិត្ត ខណៈនាពេលខាងក្រោយមកទៀតខ្លួនធ្វើមិនបានតាមសន្យាជាហេតុធ្វើឲ្យគេគ្រប់គ្នាអស់ជំនឿ និងលែងជឿជាក់ចំពោះការសន្យារបស់ខ្លួន។ មនុស្សមុននឹងសន្យា ត្រូវស្ទាបស្ទង់ និងសួរខ្លួនឯងជាមុនថា តើអ្វីដែលខ្លួនបម្រុងនឹងលើកយកមកសន្យានេះ អាចធ្វើវាទៅរួចឬក៏អត់? ហេតុនេះចៀសវាងបញ្ហា ចូរកុំសន្យានៅពេលដែលអ្នកសប្បាយចិត្តអី!៕