រាជធានីភ្នំពេញ ៖ ជីវិតរបស់មនុស្សគ្រប់គ្នាសុទ្ធតែមានអតីតកាល! អតីតកាលរបស់មនុស្សម្នាក់ៗអាចខុសគ្នាទៅតាមរឿងរ៉ាវមួយចំនួនផ្សេងគ្នាដែលពួកគេធ្លាប់បានជួបប្រទះនាពេលកន្លងមក ដោយជួនកាលអ្នកខ្លះក៏មានអតីតកាលមិនល្អ អ្នកខ្លះក៏មានអតីតកាលល្អទៅតាមទង្វើដែលគេធ្លាប់បានធ្វើពីមុន។

អ្នកដែលធ្លាប់មានអតីតកាលល្អ គេក៏មិនសូវខ្វល់ មិនដេកគិតច្រើន ដូចអ្នកដែលធ្លាប់មានអតីតកាលមិនល្អនោះដែរ។ អតីតកាលមិនល្អ ជារឿងរ៉ាវដែលធ្លាប់ធ្វើឲ្យជីវិតអ្នកជួបបញ្ហា ជួបភាពឈឺចាប់ ឬជួបក្ដីកង្វល់ ហើយអ្នកដែលមានអតីតកាលមិនល្អ ពេលខ្លះក៏តែងតែធ្វើឲ្លយខ្លួនឯងពិបាករស់នៅ ឬពិបាកចុះសម្រុងក្នុងពេលបច្ចុប្បន្នផងដែរ។

ក៏ប៉ុន្តែតាមពិតទៅ គ្រប់រឿងអតីតកាលមិនថាល្អ ឬអាក្រក់វាសុទ្ធតែជាមេរឿនជីវិតទាំងអស់។ អ្នកគួរតែរៀនអនុញ្ញាតឲ្យអតីតកាលមកកែប្រែជីវិតអ្នកឲ្យកាន់តែល្អប្រសើរឡើង ដោយមិនមែនយកអតីតកាលផ្តល់មកឲ្យអ្នកនូវភាពឈឺចាប់ ភាពជូរចត់ ឬធ្វើឲ្យអ្នកមានជីវិតកាន់តែដុនដាបនោះទេ។ គ្រប់រឿងរ៉ាវដែលកើតឡើងទាំងអស់គឺសុទ្ធតែជាមេរៀនជីវិត ព្រោះថាវាក៏ជួយឲ្យអ្នកថា បើអ្នកធ្លាប់ដើរផ្លូវមួយនោះជាន់បន្លា អ្នកនឹងមិនដើរទៅផ្លូវនោះម្ដងទៀតនោះទេ ព្រោះផ្លូវនោះធ្លាប់ធ្វើឲ្យជើងអ្នកឈឺចាប់៕

អត្ថបទដោយ ៖ ប៊ុត បឋវី