រាជធានីភ្នំពេញ ៖ ក្នុងការរស់នៅ ប្រសិនបើមនុស្សគ្រប់គ្នាចេះទទួលស្គាល់ថា ខ្លួនឯងល្ងង់ នោះវាគឺជារឿងមួយដ៏អស្ចារ្យបំផុត ពីព្រោះមនុស្សមួយចំនួនជាច្រើនបានប្រែក្លាយខ្លួនទៅជាអ្នកប្រាជ្ញកំពូលៗ ដោយសារការប្រកាន់នូវការទទួលស្គាល់ភាពល្ងង់របស់ខ្លួន។ ចំពោះការចេះឈឺចាប់ ដោយសារគេថា ខ្លួនល្ងង់ គឺជាការគិតដ៏ល្អមួយដែលអាចនាំមនុស្សទៅរកការផ្លាស់ប្តូរដ៏ប្រសើរបំផុត ព្រោះវាជាចំណុចមួយដែលចាប់ផ្តើមធ្វើឲ្យអ្នកចេះកែប្រែ។

យ៉ាងណាមិញ បើយើងមិនចេះឈឺដោយសារភាពល្ងង់របស់ខ្លួនទេ មានន័យថា យើងហាក់កំពុងតែស្រណុកសុខស្រួលក្នុងភាពល្ងង់ខ្លៅទាំងនោះ ហើយយើងក៏ប្រែជាស្លាប់បាត់ទាំងដង្ហើមដែលនៅមាននៅឡើយ។ ចេះឈឺ ទើបមនុស្សលែងឈឺ! ចេះឈឺដោយសារភាពងងឹត ទើបមនុស្សព្រមដើរចេញពីភាពងងឹតនោះ! ចេះឈឺដោយសារពាក្យល្ងង់ ទើបមនុស្សលែងល្ងង់! ចេះឈឺដោយសារពាក្យថាក្រ ទើបមនុស្សលែងក្រ៕