រាជធានីភ្នំពេញ៖ យោងតាមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គម្រោងវិនិយោគថ្មីៗចំនួន២ទៀត ដែលមានទុនវិនិយោគ សរុបប្រមាណ៨.៥លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន២កន្លែង នៅកម្ពុជា ព្រមទាំងអាចបង្កើតការងារបានជាច្រើនកន្លែងផងដែរ។

យ៉ាងណាមិញ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន។ ដោយឡែក ចំពោះទីតាំងក្នុងការបង្កើតរោងចក្រមានដូចជា៖

ភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នឹងមានក្រុមហ៊ុន SEN WANG YING NEW MATERIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានមានទុនវិនិយោគប្រមាណ ៤.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣កន្លែង។

ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងមានក្រុមហ៊ុន GIANNI VINCE BAGS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ដែលមានទុនវិនិយោគប្រមាណ ៤.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១៧១កន្លែង៕