ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលក្រុងសិរីសោភ័ណ និងក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកបុគ្គលិក និងអ្នកជាប់ពាក់ព័ន្ធមានចំនួន១០០នាក់ នៅក្នុងសិប្បកម្មផលិតទឹកកក មួយកន្លែង មានយីហោ « សេះ ហោះ » ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា អ្នកដែលដឹកទឹកកកសេះហោះ និងចែកចាយទឹកកកដាក់តាមអ្នកលក់តាមផ្ទះ និងក្នុងផ្សារ ត្រូវបានក្រុមគ្រូពេទ្យយកសំណាក ដោយរកឃើញ វិជ្ជមានកូវីដ១៩ មានចំនួន១០នាក់ ក្នុងចំណោម១០០នាក់ ដែលករណីនេះ គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ព្រោះពួកទាំងនេះ បានសកម្មភាពដើរចែកចាយទឹកកកគ្រប់ស្រុក – ក្រុង នៅក្នុងខេត្តបន្ទាយមានជ័យ ប្រឈមនឹងចម្លងដល់ប្រជាពលរដ្ឋបានយ៉ាងច្រើន ពិសេសឆ្លងរាលដាល ក្នុងសហគមន៍។

លោកហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា អ្នករកឃើញមានវិជ្ជមានកូវីដទាំង១០នាក់ ត្រូវក្រុមគ្រូពេទ្យ ដឹកយកទៅព្យាបាល ហើយចំណែកអ្នកអវិជ្ជមានទាំងអស់ ត្រូវបានយកទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃសិន ។ ចំពោះបងប្អូន ដែលពាក់ព័ន្ធត្រូវចូលខ្លួនយកសំណាកជាប្រញាប់ ដើម្បីកុំឲ្យឆ្លងរីករាលកាន់តែធ្ងន់ធ្ងរជាងនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៦០នាក់ ខណៈអ្នកជំងឺ ៧៦៣នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៨ ៤៧៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧១ ៥១៧នាក់ និងស្លាប់សរុបចំនួន ១ ៤៤២នាក់៕