បរទេស៖ មហាសោកនាដកម្មលិចកប៉ាល់ ទីតានិច (Titanic) នៅមហាសមុទ្រអាត្លង់ទិច ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩១២ នៅតែជាហេតុការណ៍ដ៏រន្ធត់ តក់ស្លុតដែលមនុស្សជំនាន់ក្រោយទូទាំងពិភពលោក បានដឹង ឮ និងចងចាំជានិច្ច ហើយហេតុការណ៍នេះដែរ ក៏ត្រូវបានផលិតករជនជាតិកាណាដាដ៏ល្បីឈ្មោះគឺលោក ជេមស៍ កាម៉ារ៉ូន បង្កើតជាសាច់រឿងដុំមួយរឿងមានចំណងជើងថា «Titanic» ។

ហេតុការណ៍លិច កប៉ាល់ ទីតានិច ត្រូវបានក្រុមអ្នកស្រាវជ្រាវ និងអ្នកសរសេរអត្ថបទ បានចងក្រងជាឯកសារជាច្រើន ទុកជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់មនុស្សជាតិ ។ ហើយក៏មានករណីជាច្រើន ដែលបានកើតឡើងមិនគួរឲ្យនឹកស្មានដល់នៅក្នុងហេតុការណ៍នេះ ។ ក្នុងចំណោមករណីជាច្រើននោះ ក៏មានករណីមួយដែលពុំសូវមានអ្នកដឹង នោះគឺ ករណី “ស្ត្រីអភីជន ស្ម័គ្រចិត្តស្លា.ប់ជាមួយសត្វសុនខរបស់នាង នៅលើកប៉ាល់ទីតានិច” ។

យោងតាមឯកសារជនរងគ្រោះនៅក្នុងហេតុការណ៍លិចកប៉ាល់ទីតានិច បានបង្ហាញថា ស្ត្រីអភិជនខាងលើមានឈ្មោះ អាន អ៊ីលីហ្សាបឺត អាយហ្សាម (Ann Elizabeth Isham) ជាស្ត្រីម្នាក់ក្នុងចំណោមមនុស្សស្រី៤នាក់ទៀត ដែលជាភ្ញៀវលំដាប់ថ្នាក់ទី១ នៅលើកប៉ាល់ទីតានិច ។

អាន អ៊ីលីហ្សាបឺត អាយហ្សាម កើតនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៨៦២ ក្នុងទីក្រុង ឈីកាកូ (Chicago) រដ្ឋ អ៊ីលលែនណយ (Illinois) សហរដ្ឋអាមេរិក ជាកូនស្រីទី១ របស់លោក អេដវើដ ស្វីស អាយហ្សាម (Edward Swift Isham)ជាមេធាវី និងជាអ្នកនយោបាយល្បីឈ្មោះម្នាក់នៅរដ្ឋ អ៊ីលលែនណយ ។

ត្បិតតែមានទីកំណើតនៅ ឈីកាកូ ប៉ុន្តែ អាន អ៊ីលីហ្សាបឺត អាយហ្សាម មិនសូវបានរស់នៅទីនោះឡើយ ដោយភាគច្រើននាងទៅនៅជាមួយប្អូនប្រុសរបស់នាងម្នាក់នៅ ញូយ៉ក និង ៩ឆ្នាំចុងក្រោយនាងទៅរស់នៅជាមួយប្អូនស្រីនាងឈ្មោះ ហារី សៀលធុន (Harry Shelton) នៅទីក្រុងប៉ារីស ប្រទេសបារាំង ។
នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ១៩១២ អាន អ៊ីលីហ្សាបឺត អាយហ្សាម ដែលមានវ័យ ៥០ឆ្នាំ បានធ្វើដំណើរតាមកប៉ាល់ ទីតានិច ដែលជាកប៉ាល់ទេសចរណ៍ដ៏ធំ និងប្រណីតបំផុតរបស់ក្រុមហ៊ុន RMS ក្នុងគោលបំណងទៅកាន់ទីក្រុង ញូយ៉ក ដើម្បីចំណាយពេលវិស្សមកាលនៅទីនោះ។

ជាសំណាងអាក្រក់សម្រាប់អ្នកដំណើរ និងបុគ្គលិក ក៏ដូចជានាវិក សរុបប្រមាណ ២.២២៤ នាក់ នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩១២ វេលាម៉ោង ១១ និង ៤០នាទីយប់ កប៉ាល់ទីតានិច បានបុកជាមួយផ្ទាំងទឹកកក នៅកណ្ដាលមហាសមុទ្រ អាត្លង់ទិច បណ្ដាលឲ្យធ្លាយបាតកប៉ាល់ និងលិចបន្តិចម្ដងៗ រហូតដល់វេលាម៉ោង ២ និង២០នាទី ថ្ងៃទី ១៥ ខែឆ្នាំ ដដែល កប៉ាល់លំដាប់អភិជនមួយនេះ បានលិចកប់បាត់ក្នុងបាតសមុទ្រទាំងស្រុង ដោយមានមនុស្សតែ ៧១០ នាក់ប៉ុណ្ណោះត្រូវបានជួយសង្គ្រោះរួចផុតជីវិត ។

ក្នុងចំណោមអ្នកស្លា.ប់ចំនួន ១.៥០០នាក់ គេស្គាល់យ៉ាងច្បាស់ទៅលើសពរបស់នាង អាន អ៊ីលីហ្សាបឺត អាយហ្សាម ដោយនៅក្នុងដៃរបស់នាង មានឱបសពសត្វសុនខមួយក្បាលយ៉ាងជាប់ហើយសភាពសាកសពគេទាំងពីរបានជាប់ស្អិតជាមួយទឹកកក ផងដែរ ។

យោងតាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ បានឲ្យឃើញថា ជាធម្មតាសម្រាប់មនុស្សស្រី ហើយថែមទាំងជាភ្ញៀវថ្នាក់ទី១ ផងនោះ អាចនឹងត្រូវបានគេសង្គ្រោះមុនគេបង្អស់ ប៉ុន្តែសម្រាប់ នាង អាន អ៊ីលីហ្សាបឺត អាយហ្សាម ទំនងជាបដិសេធមិនព្រមឡើងទូកសង្គ្រោះព្រោះតែគេមិនអនុញ្ញាតិឲ្យនាំសត្វសុនខរបស់នាងទៅជាមួយ ។
យ៉ាងណាមិញ នេះគ្រាន់តែជាការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវប៉ុណ្ណោះ ចំពោះការពិតយ៉ាងណានោះ មិនមាននរណាម្នាក់បានដឹងឡើយ ៕

ប្រភព៖ Wiki, encyclopedia