រាជធានីភ្នំពេញ៖​ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានមានបញ្ចេញសារសំឡេងមួយនៅក្នុងប្រព័ន្ធតេឡេក្រាមថា៖ «មេរោគបំប្លែងខ្លួន Delta (Δ) ដែលជាមេរោគឆ្លងលឿនខ្លាំង អាចធ្វើការចម្លងទៅមនុស្សចាប់ពី១០ទៅ១៥នាក់ក្នុងពេលតែមួយ»។

នៅក្នុងសារសំឡេងនោះផងដែរ លោកស្រីបានបន្តថា បច្ចុប្បន្ននេះវីរុសបំប្លែងខ្លួនថ្មីប្រភេទ Alpha កម្ពុជាបានរកឃើញ២ករណី ខណៈវីរុសបំប្លែងខ្លួនថ្មីប្រភេទ Alpha បានកំពុងធ្វើចរាចរណ៌ពាសពេញរាជធានី ខេត្ត ក្រុង គ្រប់ច្រកល្ហកទាំងអស់ ដែលអាចនិយាយបានថាគ្រប់ទីកន្លែង ដូច្នេះវាសំខាន់ណាស់ដែលពលរដ្ឋគ្រប់រូបត្រូវតែចូលរួមចំណែកការពារ ទប់ស្កាត់។

ដោយឡែកវីរុសបំប្លែងខ្លួនថ្មី Delta យើងបានរកឃើញថាវាឆ្លងរាលដាលចូលដល់ទៅក្នុងសហគមន៌យើងហើយ ដោយការចម្លងនេះគឺភាគច្រើនមានប្រភពចេញមកពីបណ្ដាខេត្តនៅជាប់ព្រំដែនប្រទេសថៃ ដែលមេរោគបំប្លែងខ្លួន Delta (Δ) គឺជាមេរោគឆ្លងលឿនខ្លាំង អាចធ្វើការចម្លងទៅមនុស្សចាប់ពី១០ទៅ១៥នាក់ក្នុងពេលតែមួយ ៕