ចាកវ៉ាក់ស៊ាំងការពារកូវីដ១៩រួចហើយ ហេតុអ្វីនៅតែឆ្លង? ហេតុអ្វីបុគ្គលមួយចំនួនឆ្លងរហូតដល់ស្លាប់ដោយសារតែវីរុសកូវីដ១៩នេះ? ក្រសួងសុខាភិបាលធ្លាប់បានឱ្យដឹងរួចមកហើយថា វ៉ាក់ស៊ាំងគ្រាន់តែអាចការពារកុំឱ្យឆ្លង ឬឆ្លងរួចកុំឱ្យធ្ងន់ធ្ងរតែប៉ុណ្ណោះ មិនមែនការពារបាន១០០%ទេ។ លើសពីនេះទៀតវ៉ាក់ស៊ាំងត្រូវការពេលសម្រាប់ផលិតឬបណ្តុះអង់ទីករការពារវីរុសកូវីដ១៩ បើប្រហែសឆ្លងចំពេលវ៉ាក់ស៊ាំងកំពុងធ្វើការ នោះអ្នកអាចនឹងគ្រោះថ្នាក់ដល់ជីវិតបានដូចគ្នា។ ពេលវេលាសម្រាប់វ៉ាក់ស៊ាំងបណ្តុះអង់ទីករពីដូសទី១ ទៅដូសទី២ មានដូចខាងក្រោម៖

បើតាមការឱ្យដឹងរបស់Healthlineការចាក់វ៉ាក់ស៊ាំងដែលទាមទារ២ដូស គឺក្រោយចាក់ដូសទី២ចំនួន២អាទិត្យ ទើបប្រព័ន្ធការពាររាងកាយអាចបន្សាំនិងបណ្តុះអង់ទីករការពារកូវីដ១៩បានពេញប្រសិទ្ធភាពដែលគេស្រាវជ្រាវ។

សម្រាប់ដូសទី១វិញ យោងតាមការពិសោធន៏បានឱ្យដឹងថា ក្រោយចាក់ដូសទី១ ប្រព័ន្ធការពាររាងកាយរបស់យើងដែលអាចប្រឆាំងនឹងវីរុសកូវីដ១៩គឺមានតិចបំផុត។ ប្រសិនបើមាន
វីរុសមកជាប់ គឺហានិភ័យក្នុងការឆ្លងមានគ្រប់ពេល ហើយប្រព័ន្ធការពាររាងកាយអាចបណ្តុះអង់ទីករបានខ្លាំងទាល់តែចាក់ដូសទី២ប៉ុណ្ណោះ។

អាស្រ័យហេតុនេះហើយ បងប្អូនដែលទើបតែទទួលបានដូសទី១ កុំភ្លេចខ្លួនប្រហែសជាមួយនឹងកូវីដ១៩ឱ្យសោះ ដោយឡែកអ្នកចាក់ដូសទី២រួចក៏ត្រូវមើលថែសុខភាព គេងឱ្យគ្រប់គ្រាន់ បរិភោគអាហារល្អៗដើម្បីឱ្យអង់ទីករដុះបានលឿន៕