រាជធានីភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ បានបើករថយន្តហ្វតរ៉េនជ័រ មួយគ្រឿង ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 01-2-5981 បោះពួយយ៉ាងលឿន ហើយបានបុក រថយន្តរបស់គេ១គ្រឿង មិនអស់ចិត្ត ក៏បន្តទៅបុករថយន្តគេ១គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ករណីនេះ បានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៨គ្រួសារ កែងនឹងផ្លូវតាចេត ក្នុងសង្កាត់ឃ្លាងខណ្ឌសែនសុខ ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីយោធា បានបើករថយន្តហ្វតរ៉េនជ័រ ពណ៌ត្រេអ៊ី ចង្កូតស្តាំមួយគ្រឿង ពាក់ស្លាកលេខខេមរៈភូមិន្ទ ទាំងសភាពស្រវឹងស្រាជោកជាំ ក្នុងល្បឿនលឿនដូចហោះ។ លុះពេលមកដល់កន្លែងកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកជាមួយនឹងរថយន្តហាយឡែនដឺរ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-1559 បណ្ដាលឲ្យរងការខូចខាតចំហៀងខាងមុខខាងឆ្វេងយ៉ាងដំណំ បន្ទាប់មកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តបង្ក បានចេញសំណងចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿង។ បន្ទាប់មកមន្ត្រីយោធាស្រវឹងស្រារូបនោះ បើករថយន្តបន្តដំណើរទៅមុខទៀត ដោយទិសដៅពីជើងទៅត្បូងមកដល់ចំណុចកែងផ្លូវ២៨គ្រួសារ បានជ្រុលទៅបុកនឹងរថយន្តតាកូម៉ា ១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ កំចាម 2A-4850 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨គ្រួសារ ទិសដៅពីលិចទៅកើត ចំហៀងផ្នែកខាងមុខខាងឆ្វេង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ប្រភពបន្តថា ពេលនេះ មានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុខាងលើ ដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្ក បានចេញសំណងទៅឲ្យរថយន្តតាកូម៉ាចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់នៅកន្លែងកើតហេតុ។បន្ទាប់មកសមត្ថកិច្ចបានទៅទាក់ទងទៅរកសាច់ញាតិមន្ត្រីយោធាស្រវឹងដាបនោះ ដើម្បីមកយកត្រឡប់ទៅផ្ទះវិញ ចៀសវាងបង្កគ្រោះថ្នាក់ទៀត។ ដោយ P19 ពេលរាត្រី