បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានណែនាំកងទ័ពជើងទឹកឱ្យពន្យារពេលផែនការទិញនាវាមុជទឹករបស់ចិនចំនួន២គ្រឿង ដោយលោកបានលើកឡើងថា មូលនិធិត្រូវតែបង្វែរទិសដៅដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ។ ខណៈការទិញនាវាមុជទឹក២គ្រឿងដ៏ចម្រូងចម្រាស់នេះ ត្រូវបានចំណាយថវិកាប្រមាណចំនួន២២,៥ពាន់លានដុល្លារ ដែលត្រូវបានពន្យារពេលអស់រយៈពេលមួយឆ្នាំមកហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

លោក ប្រាយុទ្ធ ចាន់អូចារ បានសង្កត់ធ្ងន់ថា មូលនិធិត្រូវបានបង្វែរទិសដៅ ដើម្បីផ្តល់ជំនួយដល់អ្នកដែលជួបការលំបាកដោយសារការបំផ្លិចបំផ្លាញផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។ ជាមួយនឹងការកើនឡើងនៃការឆ្លង និងការស្លាប់ជាបន្តបន្ទាប់ ដែលស្ថានភាពបច្ចុប្បន្ននេះមិនបានបង្ហាញពីសញ្ញានៃការកែលំអរណាមួយក្នុងពេលឆាប់ៗនេះដោយលោកបានស្នើសុំអោយមានការសំរេចចិត្តពន្យល់ទៅប្រទេសចិនវិញ ដោយការទិញនាវាមុជទឹកនេះកំពុងត្រូវបានសម្របសម្រួលដោយកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ។

មិនត្រឹមតែប៉ុណ្ណោះនាយករដ្ឋមន្រ្ដីថៃរូបនេះបានមានប្រសាសន៍ថា រាល់ការចំណាយថវិកាត្រូវតែយកមកពិចារណាដោយយកចិត្តទុកដាក់ ខណៈប្រទេសយើងកំពុងប្រឈមនឹងវិបត្តិរាតត្បាត វាគឺដូចជាការធ្វើសង្គ្រាមលោកលើកទីបី ដែលហេតុផលនេះហើយទើបយើងចង់អោយកងទ័ពជើងទឹកពន្យាពេលនៃការទិញ ៕