ជាការពិត សុខភាពស្បែកជារឿងសំខាន់ ជាពិសេសសម្រាប់មិត្តនារីៗ។ កាលណាអ្នកមិនបានយកចិត្តទុកដាក់ និងថែទាំវាឲ្យបានត្រឹមត្រូវ អ្នកនឹងងាយជួបប្រទះនឹងបញ្ហាស្បែករួមមាន ស្បែកស្ងួត ស្រអាប់មិនស្រស់ថ្លា ស្នាមអុជខ្មៅ និង កន្ទួលរមាស់ជាដើម។ គួរឲ្យដឹងថា បើនិយាយពាក់ព័ន្ធនឹងសុខភាពស្បែក នារីមិនត្រូវថែទាំតែស្បែកមុខតែមួយមុខទេ ពោលគឺត្រូវរក្សាភាពស្រស់ស្អាតទាំងផ្នែកមុខ និង ដងខ្លួន។ ថ្ងៃនេះយើងនឹងធ្វើការចែករំលែកនូវគន្លឹះ ៤ យ៉ាងដែលជួយឲ្យស្បែកពោរពេញដោយសំណើម សភ្លឺថ្លា និង មិនងាយមានស្នាមជ្រីវជ្រួញ៖

១. លាបឡេផ្ដល់សំណើមជាប្រចាំ៖ នារីគួរទម្លាប់លាបឡេផ្ដល់សំណើមដល់ស្បែកយ៉ាងតិចម្ដងក្នុង១ ថ្ងៃ ទាំងដងខ្លួន និង ប្រអប់ដៃ ដើម្បីរក្សានូវជាតិសំណើមដល់ស្បែក ដែលជួយឲ្យស្បែកមើលទៅភ្លឺចែងចាំង និង មិនងាយជ្រីវជ្រួញ។ ជាពិសេស គប្បីជ្រើសរើសផលិតផលដែលមានសារធាតុការពារកម្ដៅថ្ងៃ និង ជួយកាត់បន្ថយសភាពខ្មៅស្រអាប់នៃស្បែក ។

២. ពិសារទឹកឲ្យបានច្រើន៖ ក្រៅពីការប្រើប្រាស់នូវឡេផ្ដល់សំណើម អ្នកក៏ត្រូវបន្ថែមជាមួយការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ផងដែរ។ ជាការល្អ អ្នកគួរពិសារទឹកឲ្យបានពី ៨ទៅ១០កែវក្នុងមួយថ្ងៃ ព្រោះទឹកក៏មានសារៈសំខាន់ណាស់ដែរក្នុងការជួយផ្ដល់ជាតិទឹក និង សំណើមដល់ស្រទាប់ស្បែក ធ្វើឲ្យស្បែកមានសុខភាពល្អ និងស្រស់ថ្លា។

៣. ជ្រើសរើសផលិតផលស្បែកឲ្យត្រូវនឹងស្បែក៖ មុននឹងប្រើផលិតផលអ្វីមួយ គប្បីមើលពីប្រភពដើម និង ពិនិត្យលើគុណភាពឲ្យបានច្បាស់លាស់។ ជាពិសេស អ្នកគួរជ្រើសរើសនូវផលិតផលតាមប្រភេទស្បែក និង អាកាសធាតុរស់នៅជាក់ស្ដែង ជៀសវាងការចំណាយថវិកាលើផលិតផលមិនត្រូវនឹងស្បែក ហើយមិនទទួលបានលទ្ធផល។

៤. បរិភោគផ្លែឈើដែលជំនួយដល់ស្បែក៖ ផ្លែឈើមួយចំនួន មិនត្រឹមតែមានរសជាតិឆ្ងាញ់ វាថែមទាំងជួយបំប៉ននូវសុខភាពស្បែកទៀតផង។ តួយ៉ាង ផ្លែឈើទាំងនោះរួមមាន ផ្លែបឺរ ផ្លែក្រូច ចេក និង ឪឡឹកជាដើម ដែលសុទ្ធសឹងជាប្រភេទផ្លែឈើសម្បូរជាតិទឹក និង ជាតិវីតាមីន C ជួយឲ្យស្បែកមានសំណើម និង ភ្លឺរលោងពីខាងក្នុងបែបធម្មជាតិតែម្ដង៕