គ្នាយើងមិនថា ស្រី ឬប្រុសឲ្យតែជ្រុះសក់ច្បាស់ជាបារម្ភលើរូបសម្ផស្ស មិនសូវជាមានទំនុកចិត្តលើសម្រស់ប៉ុន្មានទេ។ អស់បារម្ភ! ខាងក្រោមនេះ ជាប្រេងធម្មជាតិ ជួយបណ្ដុះសក់ឲ្យដុះវែង និងទន់រលោងឡើងវិញ យើងអាចសាកល្បងបាន។ ប្រេងធម្មជាតិបំបាត់បញ្ហាជ្រុះសក់៖

១. ប្រេងដូង
ប្រេងដូងជាប្រេងធម្មជាតិមួយអាចជួយឲ្យសក់យើងដុះឡើងវិញ និងកាត់បន្ថយបញ្ហាសក់ជ្រុះ។ ប្រេងដូងសម្បូរទៅដោយ អាស៊ីដខ្លាញ់ វីតាមីន (ពិសេសវីតាមីន E) និងជាតិរ៉ែ ល្អសម្រាប់សុខភាពស្បែកក្បាល និងសក់។ មិនត្រឹមតែប៉ុណ្ណោះ ប្រេងដូងក៏ជួយឲ្យសក់ទន់រលាស់ល្អ និងការពារសក់ខូច បែងចុងជាដើម។

២. ប្រេងល្ហុងខ្វង
កំពូលប្រេងជួយផ្ដល់សុខភាពល្អឲ្យសក់យើង មួយទៀតនោះគឺ ប្រេងល្ហុងខ្វង ឬមនុស្សមួយចំនួនហៅថា Castor oil។ ប្រេងល្ហុងខ្វងអាចជួយដោះស្រាយបញ្ហាសក់ជ្រុះបាន ព្រោះវាមានផ្ទុកអាស៊ីដខ្លាញ់ ផ្ដល់ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមដែលសក់ត្រូវការ និងបង្ការការរលាក។ លើសពីនេះ វាជួយឲ្យសក់ទន់រលាស់ល្អ ហើយយើងក៏អាចប្រើប្រេងល្ហុងខ្វងបណ្ដុះរោមចិញ្ចើម និងរោមភ្នែកបានដែរ (ត្រូវប្រយ័ត្នពេលប្រើលើរោមភ្នែក)។

៣. ប្រេង Argan
ប្រេង Argan សម្បូរទៅដោយអាស៊ីដខ្លាញ់ល្អ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ជួយផ្ដល់សំណើម និងបង្ការបញ្ហាសក់ស្ងួត បែងចុងជាដើម។ ដោយសារតែសារធាតុចិញ្ចឹមនៅក្នុងប្រេង Argan វាក៏ជាដំណោះស្រាយមួយជួយឲ្យសក់លូតលាស់បានលឿន សម្រាប់គ្នាយើងស្ត្រេសនឹងបញ្ហាសក់ជ្រុះ។

៤. ប្រេង Jojoba
ប្រេង Jojoba ចូលជ្រៅទៅដល់ឫសសក់ មាននាទីផ្ដល់សំណើម និងមានលក្ខណៈសម្បត្តិព្យាបាលស្បែកក្បាលយើងបានយ៉ាងល្អ។ វាជួយពន្លឿនការលូតលាស់សក់ថ្មី និងកម្ចាត់បញ្ហាឡើងអង្គែជាហេតុកាត់បន្ថយសក់ជ្រុះ។ ចំពោះគ្នាយើងដែលមានបញ្ហាសក់ជ្រុះ សក់ស្ងួតខូច គួរប្រើប្រេងមួយនេះ ដើម្បីជួយឲ្យសុខភាពសក់ល្អឡើងវិញ។

ចំណាំ៖ យើងអាចរកប្រេងខាងលើនេះបាន នៅតាមឱសថស្ថានធំៗ ដែលមានលក់ទាំងថ្នាំ និងផលិតផលគ្រឿងសម្អាង។ ចំពោះគ្នាយើងដែលសក់ជ្រុះ គួរប្រើប្រេងទាំងនេះក្នុងបរិមាណតិចបានហើយ ម៉ាស្សាថ្នមៗទៅលើស្បែកក្បាលដល់ចុងសក់ ទុកចោល៣០នាទី ឬអាចទុកចោលមួយយប់ក៏បាន រួចកក់ជាមួយសាប៊ូ លាងចេញនឹងទឹកក្ដៅឧណ្ហៗ៕