ខេត្តត្បូងឃ្មុំ ៖ ព្រះសង្ឃចំនួន១១អង្គ ដែលគង់វត្តទួលទ្រាត្បូង នៅឃុំជប់ ខេត្តត្បូងឃ្មុំ បានឆ្លងជំងឺកូវីដ ។ នេះដោយយោងតាមការបង្ហោះនោះលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ពេលនេះ អាជ្ញាធរខេត្តបាននិងកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធបន្ថែមផ្សេងទៀត ដើម្បីធ្វើតេស្តរកមេរោគកូវីដ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយ ផ្ទាល់សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយព្រះសង្ឃវិជ្ជមានជំងឺកូដ-១៩ ទាំង១១អង្គខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៩៩នាក់ ខណៈអ្នកជំងឺ ៧៥៩នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៦,០៦៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤០,៧៦៩នាក់ និងស្លាប់សរុបចំនួន ៥០៩នាក់៕