រាជធានីបាងកក៖ ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរ៉ាតសាដុន (Ratsadon)​ កាលពីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានប្រមូលផ្ដុំគ្នា នៅឯវិមានប្រជាធិបតេយ្យ តាមមហាវិថីរ៉ាតចាដាមនឿន ( Ratchadamnoen)  ដើម្បីរំឭកដល់ខួបបដិវត្ដន៍របស់សៀម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២។​

សារព័ត៌មាន The Nation ​បានផ្សាយថា បដិវត្តន៍ ដែលគ្មានការបង្ហូរ​ឈាមមួយ​ បានកើតឡើង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២ ដឹកនាំដោយក្រុមជនស៊ីវិល នៃបក្សខាណារ៉ាតសាដុន (គណបក្សប្រជាជន) និងយោធាដែលបានរួមគ្នា ផ្តួលរំលំរដ្ឋាភិបាលរបស់មហាក្សត្រសៀម ប៉្រាចាធិប៉ូក (Prajadhipok ) ឬ ស្ដេច Rama VII ។ ជាលទ្ធផល នៃបដិវត្ដន៍នោះ បានជំរុញឲ្យមានការផ្លាស់ប្ដូររបបរាជានិយមផ្ដាច់ការ ទៅជាប្រព័ន្ធរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ​សេចក្តីណែនាំពីលទ្ធិប្រជាធិបតេយ្យ និងជារដ្ឋធម្មនុញ្ញដំបូងបង្អស់ នៅក្នុងប្រទេសសៀម ហើយនៅពេលនោះ ក៏ប្រែឈ្មោះ មកជាប្រទេស​ថៃ។

នៅក្នុងការរំឭកដល់ខួបបដិវត្ដន៍នោះ ក្រុមបាតុកររបស់រ៉ាតសាដុន (Ratsadon) ក៏បានប្រកាសថា ពួកគេមាននឹងនាំគ្នាទៅកាន់វិមានរដ្ឋាភិបាល ដើម្បីទាមទារនូវគោលបំណងធំៗ ចំនួន៣ រួមមាន​ ទី១-ដកហូតសមាជិកព្រឹទ្ធសភាទាំង២៥០កៅអី  ដែលត្រូវបានតែងតាំង, ទី២-ទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ចុះចេញពីតំណែង និងទី៣-​អំពាវនាវឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋមានសិទ្ធិធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាំងមូល៕