ការស្តាប់កាសជាប្រចាំ គឺជាទម្លាប់ដ៏ពេញនិយមមួយសម្រាប់មនុស្សនាពេលបច្ចុប្បន្ន មិនថាក្មេងចាស់ប្រុសស្រីនោះឡើយ។ ហើយកាសនេះទៀតសោត បានក្លាយជម្រើសដ៏ល្អបំផុតសម្រាប់ជួយកុំមានផលប៉ះពាល់ជាសំឡេងរំខានទៅកាន់មនុស្សជុំវិញខ្លួន។ ដោយឡែកប្រសិនបើប្រើប្រាស់កាសជាប្រចាំពេកនោះ លោកអ្នកអាចនឹងប្រឈមនូវបញ្ហាចោទចំនួន៣ធំៗដូចជា៖

១. វិលមុខ៖ យោងតាមប្រភពចេញផ្សាយរបស់គេហទំព័រ healthshots.com បង្ហាញឱ្យដឹងថា កម្រិតនៃការប្រើប្រាស់កាសដាក់សម្លេងខ្លាំងៗ អាចបណ្តាលឱ្យមានការកើនឡើងសម្ពាធនៅក្នុងត្រចៀក ហើយជាលទ្ធផលនេះនឹងធ្វើឱ្យអ្នកវិលមុខ។ មិនតែប៉ុណ្ណោះ រលកសម្លេងទាំងនោះអាចនឹងមានគ្រោះថ្នាក់ខ្លាំងដល់ ខួរក្បាលមនុស្ស ប្រសិនតែនៅបន្តស្លាប់វាច្រើនពេក អាចបណ្ដាលឱ្យមានបញ្ហាដល់ប្រព័ន្ធសរសៃប្រសាទ។

២. បាត់បង់សមត្ថភាពចាប់យកសំឡេង៖ តាមប្រភពដដែលក៏បានបន្តទៀតថា សម្ពាធនៃសម្លេងក្នុងកាស បិទជិតនៅក្នុងត្រចៀក ដែលបណ្ដាលឱ្យអ្នកស្តាប់មិនអាចស្តាប់ឮសម្លេងពីមជ្ឈដ្ឋានជុំវិញខ្លួនទេ។ ហើយការណ៍ដែលបិទជិតនេះ នឹងធ្វើឱ្យស្ទះបំពង់ខ្យល់ក្នុងត្រចៀក។ កត្តានេះហើយបានជាមនុស្សមួយចំនួនដែលចូលចិត្តស្តាប់កាសនៅពេលគេង ភាគច្រើនហឹងត្រចៀកនៅពេលភ្ញាក់ពីដំណេក។ មិនតែប៉ុណ្ណោះ សមត្ថភាពនៃកម្រិតចាប់សម្លេងយកកាន់តែធ្លាក់ខ្សោយបន្តិចម្តងៗ និងប៉ះទង្គិចទៅដល់ការគិតផងដែរ ខណៈពេលបុគ្គលនោះព្យាយាមចំណាយពេលស្តាប់២ទៅ៣ដងទើបអាចយល់ពីអ្វីដែលបានឮ។

៣. ជំងឺត្រចៀក៖ ភ្ជាប់ជាមួយគ្នានឹងចំណុចទី២ផងដែរ ការដាក់កាសជាប់រហូតដែលជាមូលហេតុរារាំងនូវលំហូរខ្យល់ត្រចៀក អាចបង្កើតជាជំងឺខូចក្រដាសត្រចៀក ឈឺចុកខាងក្នុងត្រចៀក ឬប្រឈមមុខហ្នឹងខ្សោយការស្តាប់ធ្ងន់ធ្ងរ។ លើសពីនេះទៅទៀតជាផលប៉ះពាល់ខ្លាំង អាចនឹងធ្វើឱ្យអ្នកស្តាប់បាត់បង់នូវសមត្ថភាពចាប់សម្លេងទាំងស្រុងតែម្តង៕