រាជធានីភ្នំពេញ ៖ កម្មករសំណង់ជាច្រើននាក់ នៅក្នុងការដ្ឋានមួយកន្លែងរបស់ក្រុមហ៊ុនចិន នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជាប់នឹងស្ពានអាកាស៧មករា ស្ថិតនៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បាននាំគ្នាតវ៉ារឿងអត់មានចំណីអាហារសម្រាបហូបចុក គ្រាកំពុងធ្វើចត្តាឡីស័ក នៅក្នុងរង្វង់បរិវេណការដ្ឋាននោះ។ ករណីកម្មករផ្ទុះការតវ៉ារឿងអត់មានចំណីអាហារហូបនេះ បានកើតឡើង កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។

បងប្អូនកម្មករនៅទីនោះ បានលើកឡើងថា ពួកគាត់បានជាប់ធ្វើចត្តាឡីស័កនៅទីនោះ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយមិនអាចចេញទិញចំណីអាហារឡើយ។ ចំណែក ប្រាក់ក៏គ្មានជាប់ខ្លួនដែរ ព្រោះអត់ធ្វើការ ក៏គេអត់បើកលុយឲ្យដែរ ។ ពួកគាត់ បានចែករំលែកចំណីអាហារដែលសេសសល់ឲ្យគ្នាហូបបន្តិចបន្តួច គ្រាន់បានចម្អែតក្រពះ ។ លុះពួកគាត់អស់ចំណីអាហារ ទ្រាំនឹងក្តីស្រេកឃ្លានលែងបាន ក៏នាំគ្នាធ្វើការតវ៉ាតែម្តង បំណងចង់ឲ្យអាជ្ញាធរ ដោះស្រាយបាយទឹក និងការលំបាករបស់ពួកគាត់។

ក្រោយពីមានការតវ៉ាពីសំណាក់កម្មករសំណង់ អាជ្ញាធរ និងសមត្ថកិច្ចបានចុះទៅអន្តរាគន៍ភ្លាមៗ ដោយធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករ ព្រមទាំងបានស្រង់ឈ្មោះ បងប្អូនកម្មករ ដែលកំពុងធ្វើចត្តាឡីស័កនៅទីនោះ និងសំណូមពរឲ្យបងប្អូនកម្មករទាំងនោះ ធ្វើការអត់ធ្មត់បន្តិច អាជ្ញាធរនឹងដោះស្រាយបញ្ហានេះជូនបងប្អូន ដោយមិនទុកឲ្យនរណាម្នាក់ដាច់បាយស្លាប់ឡើយ។(មានការបកស្រាយយ៉ាងណា KBN និងផ្សាយបន្តទៀត)៕

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖