រាជធានីបាងកក៖ ប៉ូលិសថៃបានចាប់ខ្លួនម្ចាស់ក្រុមហ៊ុនទិញផ្លែឈើ នាំចេញទៅកាន់ប្រទេសចិន ក្រោមការចោទប្រកាន់ពីការ «ក្លែងផ្លែទុរេន» ធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសផ្លែទុរេនរបស់ថៃ នៅក្នុងទីផ្សាររបស់ពិភពលោក។

សារព័ត៌មាន The Nation បានចេញផ្សាយ នៅថ្ងៃទី២២ ខែមិថុនា ថា ម្ចាស់ក្រុមហ៊ុនប្រមូលទិញផ្លែឈើម្នាក់ នៅក្នុងខេត្ត Chanthaburi ត្រូវបានចាប់ខ្លួន ដោយប៉ូលិស​ស្រុក Muang Chanthaburi និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម Chanthaburi កាលពីថ្ងៃចន្ទ ទី២១ ខែមិថុនា។ សមត្ថកិច្ចបានចោទប្រកាន់ក្រុមហ៊ុន ពីការក្លែង​វិញ្ញាបនបត្រ GAP និង GMP ដោយក្លែងផ្លែទុរេនរបស់វៀតណាម ​ទៅជាផ្លែទុរេនរបស់ថៃ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។​

លោក Alongkorn Polabutr ទីប្រឹក្សារដ្ឋមន្រ្ដីក្រសួងកសិកម្មថៃ បានថ្លែងថា «យើងបានស៊ើបអង្កេតទៅលើក្រុមហ៊ុនទិញផ្លែឈើ «​Lung Tu Odd» ដែលមានទីតាំងនៅក្នុងឃុំ Khlong Narai ស្រុក Muang Chanthaburi  ខេត្ដ Chanthaburi  ហើយរកឃើញថា ក្រុមហ៊ុននេះបានប្រើប្រាស់វិញ្ញាបនបត្រ GAP និង GMP ក្លែងក្លាយ។ ក្រុមហ៊ុននេះ​បាននាំចូលទុរេនពីប្រទេសវៀតណាម ហើយដាក់ឈ្មោះជាទុរេនថៃ មុនពេលនាំចេញទៅកាន់ប្រទេសចិន។​​

ប្រភពព័ត៌មានដដែល បានបន្ដថា ការស៊ើបអង្កេតបឋមបង្ហាញថា ក្រុមហ៊ុននេះបាននាំចូលទុរេនទម្ងន់១៨តោន មកពីប្រទេសវៀតណាម ​ក្នុងតម្លៃ១គីឡូក្រាម ថ្លៃ៧០បាត(លុយថៃ) ឬស្មើនឹងមានតម្លៃជាង២ដុល្លារអាមេរិក ហើយមានគម្រោងនាំចេញទៅកាន់ប្រទេសចិន ដោយលក់ក្នុង១គីឡូក្រាម ថ្លៃ១៦០បាត ឬស្មើនឹង៥ដុល្លារអាមេរិក។​

លោក Alongkorn Polabutr បានបន្ថែមថា លោក Chalermchai Srion រដ្ឋមន្រ្ដីក្រសួងកសិកម្ម​បានបញ្ជាដល់នាយកដ្ឋានកសិកម្ម ត្រូវធ្វើការជាមួយនឹងប៉ូលិស, នាយកដ្ឋានគយ, នាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ​ និងនាយកដ្ឋានស៊ើបអង្កេតពិសេស ដើម្បីស៊ើបអង្កេតបន្ដទៀតទៅលើបណ្ដាញរបស់ក្រុមហ៊ុន ក៏ដូចជា ក្រុមហ៊ុនក្លែងបន្លំផ្លែឈើផ្សេងទៀត នៅក្នុងខេត្តនានា ដែលកំពុងដាំទុរេន ដើម្បីការពារដល់ការបង្ខួចកិត្តិយសទុរេនរបស់ថៃ នៅក្នុងទីផ្សាររបស់ពិភពលោក។​​ រីឯស្ថាប័នពាក់ព័ន្ធរបស់ក្រសួងកសិកម្មនឹងជួបប្រជុំគ្នា នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នា កំណត់ពីវិធានការនានា​ រារាំងដល់ការក្លែងបន្លំផ្លែឈើនេះ។​

បើតាមស្ថិតិពីនាយកដ្ឋានគយ បានបង្ហាញថា នៅក្នុងឆ្នាំ២០២០ ថៃបាននាំចេញផ្លែទុរេនស្រស់ មានតម្លៃ៦៥,៦ពាន់លានបាត (លុយថៃ) ឬស្មើនឹងជាង២ពាន់លាន (២ ០៧៨ ៣១៨ ៩៧៨) ដុល្លារអាមេរិក, ពោលគឺកើនឡើង៤៤ភាគរយ បើធៀបនឹងឆ្នាំកន្លងមក។ ប្រទេសចិនជាទីផ្សារទុរេនដ៏ធំរបស់ថៃ ដោយរកចំណូលបាន ចំនួន៤៧,៧ពាន់លានបាត ឬស្មើនឹង ១,៥ពាន់លាន (១ ៥១១ ២១៦ ៦៩៦) ដុល្លារអាមេរិក ឬស្មើនឹង៧៣ភាគរយ នៃផ្លែទុរេននាំចេញសរុបរបស់ប្រទេសថៃ​៕