រាជធានីបាងកក៖ កងទ័ពជើងទឹក​ថៃ បានចា​ប់ខ្លួនជនជាតិវៀតណាម ចំនួន១០នាក់ ចូលទៅនេសាទ ដោយខុសច្បាប់ នៅក្នុងដែនទឹករបស់ខ្លួន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

សារព័ត៌មាន The Nation បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែមិថុនា ថា កងទ័ព​ជើងទឹក ក្រោមបញ្ជាការដ្ឋានអនុវត្ដច្បាប់ដែនសមុទ្រថៃ ​(Thai-MECC) បានចាប់ខ្លួនអ្នកនេសាទជាជនជាតិវៀតណាម ចំនួន១០នាក់ ដែលចូល​នេសាទ ដោយខុសច្បាប់ នៅក្នុងដែនសមុទ្រ នៃខេត្ត​ Narathiwat ប្រទេសថៃ កាលពីថ្ងៃអាទិត្យ (ទី២០ ខែមិថុនា)។​ ការចាប់ខ្លួនជនជាតិវៀតណាមខាងលើនេះ បានកើតឡើង ក្រោយពេលនាវាកងទ័ពជើងទឹកថៃបានរកឃើញទូកនេសាទរបស់ជនជាតិវៀតណាម ចំនួន២គ្រឿង ចូល​នេសាទ ដោយខុសច្បាប់ ខណៈពួកគេកំពុងល្បាត នៅក្នុងដែនទឹក នាភាគខាងត្បូងប្រទេស។​

​ទូកនេសាទទាំងនោះ ត្រូវបានបញ្ជូនទៅកាន់កំពង់​ផែ Narathiwat ហើយអ្នកនេសាទ​ដែលត្រូវឃាត់ខ្លួនទាំងអស់ នឹងត្រូវធ្វើតេស្ដ ស្វែងរកកូវីដ-១៩ ដោយ​មន្ត្រីសុខាភិបាលក្នុងតំបន់ មុនពេលនាំទៅ​ឃុំខ្លួន និងសាកសួរ នៅប៉ុស្តិ៍នគរបាល​ Mueang Narathiwat ។ រីឯអ្នកនេសាទទាំង១០នាក់នោះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ ក្រោមច្បាប់បទល្មើសនេសាទ៕