រាជធានីគួឡាឡាំពួ៖ ក្មេងប្រុសជនជាតិម៉ាឡេស៊ីម្នាក់ មានអាយុ១៩ឆ្នាំ បានធាក់កង់ដើរចែក​ចាយអាហារឲ្យក្រុមហ៊ុន Foodpanda របស់ម៉ាឡេស៊ី ដើម្បីរកប្រាក់ចំណូល យកមកជួយ​ផ្គត់ផ្គង់ជីវភាពគ្រួសារ នៅក្នុងអំឡុងវិ​បត្ដិកូវីដ-១៩ បានធ្វើឲ្យល្បីល្បាញយ៉ាងខ្លាំង ទាំងនៅក្នុងប្រទេសកំណើតរប​សខ្លួន និងថៃ។

ក្មេងប្រុសខាងលើនេះ ឈ្មោះ Netizens អាយុ១៩ឆ្នាំ រស់នៅទីក្រុង Kota Bahru ប្រទេសម៉ាឡេស៊ី បានខ្ចីកង់ពីមិត្ដភក្ដិ ​ជិះស៊ីឈ្នួលដើរចែកចាយអាហារឲ្យក្រុមហ៊ុន ​Foodpanda ដើម្បីរកប្រាក់ចំណូលយកមកជួយផ្គត់ផ្គង់ជីវិតភាពគ្រួសារ នៅក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩នេះ។ សកម្មភាពរបស់យុវជនម្នាក់នេះ ត្រូវបានគេថតយកមកបង្ហោះ នៅលើគណនីបណ្ដាញសង្គម Tik Tok « amrandoloh77» បណ្ដាលឲ្យមានអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង ទៅនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ។ ស្របគ្នានេះដែរ ក៏មានសប្បុរសជនម្នាក់ មានការអាណិតអាសូរ ហើយបានទិញម៉ូតូឲ្យក្មេងនោះ ជិះ ដើម្បីបន្ដការងាររបស់គេ។​

រឿងរ៉ាវរបស់ក្មេងប្រុសម៉ាឡេស៊ី​នេះ ត្រូវបានចែករំលែក តាមបណ្ដាញសង្គម កាលពីដើមខែនេះ ទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ។ គេបានខិតខំប្រឹងប្រែងរកប្រាក់ចំណូល យកមកជួយផ្គត់ផ្គង់គ្រួសារ នៅក្នុងអំឡុងពេលបិទខ្ទប់ទីក្រុង នៅម៉ាឡេស៊ី ទាំងស្រុង ដោយសារតែការរីរាលដាល នៃវិបត្ដិកូវីដ-១៩។​

ដោយ​មើលឃើញតាមបណ្ដាញសង្គម ពីសកម្មភាព​ដ៏គួរឲ្យអាណិតនោះ ក៏មានបុរសម្នាក់បានទាក់ទងទៅក្មេងប្រុសខាងលើ ហើយទិញម៉ូតូឲ្យគេ ដើម្បីជាមធ្យោបាយ​សម្រាប់យកទៅរកប្រាក់ចំណូល ចិញ្ចឹមគ្រួសាររបស់គេ។ ជាមួយគ្នានេះ ក្មេងប្រុស Netizens បានសប្បាយចិត្ត​និងអរគុណដល់សប្បុរសជនយ៉ាងខ្លាំង ដែលបានជួយគេ នៅក្នុងគ្រាដ៏លំបាកនេះ៕