បរទេស៖ ក្រោយពេលអង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់វ៉ាក់សាំងរបស់ចិនទាំង២នោះរួចមក រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនការផលិត និងផ្គត់ផ្គងដល់ពិភលោក រហូតដល់ជាង៣៥០លានដូស។

មន្រ្ដីជាន់ខ្ពស់​ក្រសួងសុខាភិបាលចិន បានថ្លែង កាលពីថ្ងៃអាទិត្យ (ទី៦ ខែមិថុនា) ថា ចិនបានផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាង៣៥០លានដូស​ដល់បណ្ដាប្រទេសនានា នៅលើពិភពលោក។ ជាមួយគ្នានេះ ចិនក៏កំពុងតែបង្កើនការផលិតវ៉ាក់សាំង ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ដល់ប្រទេសផ្សេងៗ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍ។​

លោក Zeng Yixin អនុប្រធានគណៈកម្មការសុខាភិបាលជាតិចិន បានថ្លែងថា អាទិភាពលេខមួយ សម្រាប់​ការប្រយុទ្ធនឹងការរាតត្បាត នៃវីរុសកូវីដ-១៩របស់ពិភពលោក ត្រូវតែពង្រីក និងពន្លឿនការចាក់វ៉ាក់សាំងឲ្យបានទ្រង់ទ្រាយធំ​ ដែលពឹងផ្អែកលើការជំរុញការផលិត​វ៉ាក់សាំង និងជំរុញការ​ប្រើប្រាស់។​

លោកអនុប្រធានគណៈកម្មការសុខាភិបាល បានបញ្ជាក់ថា «បច្ចុប្បន្នចិន​កំពុងបង្កើនការផលិតវ៉ាក់សាំង ដើម្បីធានាបាននូវ​យុទ្ធនាការ នៃការចាក់វ៉ាក់សាំងនេះឲ្យបានល្អប្រសើរ និងរលួនបំផុត។ ​ទន្ទឹមនឹងនេះចិនក៏បាន​ផ្តល់ជំនួយដល់សហគមន៍អន្តរជាតិ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍ» ។​

យោងតាមគណៈកម្មការសុខាភិបាលជាតិចិន បានឲ្យដឹងថា ចិន​បាន​យល់ព្រម​តាមលក្ខខណ្ឌទីផ្សារ សម្រាប់វ៉ាក់សាំង​ចំនួន៤ប្រភេទ និងបានផ្តល់ការអនុញ្ញាត​ សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ចំពោះបុគ្គល៣ប្រភេទ។ បើគិត​​​ត្រឹមថ្ងៃសៅរ៍ (ទី៥ ខែមិថុនា) វ៉ាក់សាំងប្រហែល ៧៦៣លានដូស ត្រូវបានផ្គត់ផ្គង់ នៅក្នុងប្រទេសចិន។​

ទោះជាយ៉ាងណា លោកអនុប្រធានគណៈកម្មការសុខាភិបាល បានបន្ថែមថា វិធានការសុខាភិបាល ដូចជា ការពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ក៏គួរតែត្រូវធ្វើរួមគ្នាជាមួយនឹងការចាក់សាំងផងដែរ។

រហូតមកដល់ពេលនេះ វ៉ាក់សាំងបង្ការកូវីដ-១៩របស់ចិន ចំនួន២ រួមមាន Sinovac និង Sinopharm ត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ រីឯការទទួលស្គាល់របស់ WHO ក៏ជាការបើកភ្លើងខៀវឲ្យចិន អាចនាំវ៉ាក់សាំងរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោកផងដែរ៕