រាជធានីបាងកក៖ ការិយាល័យគោលនយោបាយសារពើពន្ធ នៃក្រសួងហិរញ្ញវត្ថុថៃ ហៅកាត់ FPO បានជំរុញ​ដល់គ្រឹះស្ថាន​ផ្ដល់ប្រាក់កម្ចី​ ជួយបន្ធូរបន្ថយបន្ទុករបស់កូនបំណុល  នៅក្នុងអំឡុងពេលរលកទី៣ នៃវីរុសកូវីដ-១៩នេះ។

លោកស្រី Kulaya Tantitemit អគ្គនាយក FPO និង ជាអ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុថៃ បានថ្លែងថា រលកទី៣ នៃជំងឺកូវីដ-១៩នេះបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ដោយជះឥទ្ធិពលទៅលើការងារ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដូច្នេះលោកស្រីសូមជំរុញដល់ម្ចាស់បំណុលខ្នាតតូច ត្រូវតែជួយបន្ធូរបន្ថយដល់បន្ទុករបស់កូនបំណុល។

លោកស្រីអគ្គនាយក FPO បានបញ្ជាក់ថា វិធានការបន្ធូរបន្ថយបន្ទុករបស់កូនបំណុលទាំងនោះ រួមមាន៖​ ១-កាត់បន្ថយចំនួនបង់ប្រាក់ ឬក៏ពង្រីកអំឡុងពេលសងរបស់កូនបំណុល​, ទី២-កែប្រែ​ការសងបំណុល រយៈពេលខ្លី ទៅជាការសងបំណុលរយៈពេលវែង និង ៣-ផ្អាកការសងបំណុល ឬកាត់បន្ថយអត្រាការប្រាក់។

លោកស្រីអគ្គនាយក បានបន្ថែមថា អ្នកផ្តល់ប្រាក់កម្ចី (Pico Lender) មានពេលរហូតដល់ថ្ងៃទី៣០ ខែមិថុនា ដើម្បីបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ឆ្នាំសារពើពន្ធ២០១៩។​ ជាមួយគ្នានេះ FPO សង្ឃឹមថា វិធានការនេះនឹងជួយដល់អ្នកជំពាក់បំណុលទាំងនោះ អាចជម្នះលើវិបត្ដិកូវីដ-១៩នេះបាន៕​