បរទេស៖ នៅក្នុងកិច្ចប្រជុំកំពូល COVAX កាលពីថ្ងៃពុធ (ទី២ ខែមិថុនា ឆ្នាំ២០២១) មេដឹកនាំពិភពលោក បានសន្យាផ្ដល់ថវិកា ២,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្មវិធីសមធម៌ ចែកចាយវ៉ាក់សាំងបង្ការកូវីដ-១៩ទៅដល់ប្រទេសមានចំណូលទាប។

សារព័ត៌មាន The Straits Times បានផ្សាយថា មេដឹកនាំពិភពលោក និងមេដឹកនាំពាណិជ្ជកម្មធំៗ ចំនួន៤០ កាលពីថ្ងៃទី២ ខែមិថុនា បានសន្យាផ្ដល់ថវិកា ប្រហែល ២,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក និងវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន៥៤លានដូស ជូនដល់ Covax facility ដើម្បីផ្ដល់វ៉ាក់សាំងល្អៗ ដល់ប្រទេសមានចំណួលទាប សម្រាប់ចាក់​ជូនពលរដ្ឋរបស់ប្រទេសទាំងនោះ ការពារពីជំងឺកូវីដ-១៩។​

នៅក្នុងកិច្ចប្រជុំកំពូល Covax Advance Market Commitment (AMC) ដែលរៀបចំឡើង ដោយប្រទេសជប៉ុន និងអង្គការសម្ព័ន្ធភាពវ៉ាក់សាំង Gavi ដែលសម្របសម្រួល COVAX ជាអ្នក​ធានាឲ្យមានសមធម៌លើការបែងចែក​វ៉ាក់សាំង​នោះ  លោកនាយករដ្ឋមន្រ្ដីជប៉ុន ​ Yoshihide Suga បានសន្យាផ្ដល់ថវិកា ចំនួន ៨០០លានដុល្លារសហរដ្ឋអាមេរិក។​

លោកនាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ថា «ដើម្បីជម្នះទៅលើវិបត្ដិ ដែលយើងកំពុងតែប្រឈមមុខ នាពេលបច្ចុប្បន្ននេះ យើងត្រូវការភាពរឹងមាំ និងការប្ដេជ្ញាចិត្ត ហើយបញ្ហាទាំងនេះមិនអាចធ្វើឡើយ ដោយប្រទេសណាតែម្នាក់ឯងនោះឡើយ»។

ឆ្លើយតបនឹងការអំពាវនាវឲ្យមានការរួបរួមគ្នានេះ មានប្រទេសជាច្រើន រួមមាន អូស្ដ្រាលី ហ្វីលីពីន អេស្ប៉ាញ និងសហរដ្ឋអាមេរិក ក៏ដូចជា អង្គការមិនគិតពីប្រាក់កម្រៃ មានជាអាទិ៍ គ្រឹះស្ថាន Bill និង Melina Gates ក្រុមហ៊ុនធំៗជាច្រើន មានដូចជា ​Toyota Tsusho,​ ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Toyota Group និងធនាគារ UBS ក៏បានបរិច្ចាគទ្រព្យសម្បត្ដិផងដែរ។

លោក Jose Manuel Barroso ប្រធានក្រុមប្រឹក្សាភិបាលរបស់ Gavi បានថ្លែងថា ការបរិច្ចាគកាលពីថ្ងៃពុធ ធ្វើឲ្យជាការបរិច្ចាគនោះ ​បានកើនឡើង សរុប​៩,៦ពាន់លានដុល្លារ សម្រាប់ការទិញវ៉ាក់សាំង និងថវិកា៧៧៥លានដុល្លារ សម្រាប់ការចែកចាយរបស់ពួកគេ។​

ក្រុមអ្នកវិទ្យាសាស្រ្ដ បានបញ្ជាក់ថា ​ការចែកចាយវ៉ាក់សាំង នៅទូទាំងពិភពលោក ជាគន្លឹះដ៏សំខាន់ សម្រាប់​បញ្ចប់នូវការរីករាលដាល នៃជំងឺកូវីដ​-១៩ ។ កូវីដ-១៩នៅតែបន្ដឆ្លងខ្លាំង នៅក្នុងទ្វីបអាស៊ី​ បើទោះ​ជាការឆ្លង នៅក្នុងប្រទេសមួយចំនួនបានធ្លាក់ចុះ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស និងអ៊ីស្រាអែល ជាទីដែលមានកម្មវិធីចាក់វ៉ាក់សាំងបង្ការមេររោគនាំមុខគេក្ដី។

​​គ្រឹះស្ថានស្រាវជ្រាវសភាពាណិជ្ជកម្មអន្តរជាតិ បានប៉ាន់ប្រមាណថា វិបត្ដិកូវីដ-១៩នេះបានធ្វើឲ្យពិភពលោក​ខាតបង់សេដ្ឋកិច្ច ចំនួន ៩,២ លានលានដុល្លារអាមេរិក៕