រាជធានីបាងកក៖ រដ្ឋសភាថៃ កាលពីថ្ងៃពុធ (ទី២ ខែមិថុនា ឆ្នាំ២០២១) បានអនុម័ត​សេចក្តីព្រាង​ថវិកា​ដ៏ចម្រូសចម្រាសមួយ មានទំហំទឹកប្រាក់ ៣,១លានលានបាត (ប្រាក់ថៃ) ឬស្មើនឹង៩៩ ៤៩២ ៩៩០ ៩៨១ដុល្លារសហរដ្ឋអាមេរិក​ សម្រាប់ឆ្នាំសារពើពន្ធ ២០២២ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណង​ស្តារឡើងវិញនូវសេដ្ឋកិច្ច ដែលរងគ្រោះ ដោយសារការផ្ទុះវីរុសរាតត្បាត។​

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយ នៅព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ថា ថវិកាទាំងនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់រដ្ឋាភិបាលរបស់​នាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចានអូចា ដោយសារវាទាក់ទងទៅនឹងការផ្ទុះឡើងនូវការឆ្លងរាតត្បាពីវីរុសដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប្រទេស​អាស៊ានមួយនេះ។ ក្រោយការពិភាក្សាដេញដោលគ្នា អស់រយៈពេល៣ថ្ងៃកន្លងមក សភាថៃក៏បានអនុម័តលើកញ្ចប់ថវិកានេះ ដោយមានសំឡេងគាំទ្រ ២៦៩សំឡេង, សំឡេងប្រឆាំង២០១សំឡេង និងអនុបវាទ ចំនួន២សំឡេង។​

លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដី​ បានថ្លែងទៅកាន់រដ្ឋសភាថា ការអនុម័តកញ្ចប់ថវិកានេះ នឹងជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់យើង ឲ្យងើបចេញពីវិបត្ដិសេដ្ឋកិច្ច ដែលបណ្ដាលមកពីការផ្ទុះឡើង នៃរោគរាតត្បាត ក៏ដូចជា ការស្ដារសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់រហ័ស។​

ការអនុម័ត​ច្បាប់នេះ ត្រូវឆ្លងកាត់ការផ្ទៀងផ្ទាត់លើកទី២ និងទី៣ ដែលរំពឹង​ថាសម្រេច នៅខែសីហា មុនពេលបញ្ជូនទៅឲ្យព្រឹទ្ធសភាអនុម័ត ហើយសុំការយល់ព្រមពីព្រះមហាក្សត្រថៃ។

ការព្យាករណ៍ថវិកា នឹងថយចុះ ៥,៧% នៃការចំណាយលើថវិកា៣,១ ពាន់ពាន់លានបាត ក្នុងឆ្នាំសារពើពន្ធ ២០២២ ដោយសារឱនភាព ៧០០ពាន់លានបាត ឬស្មើនឹង ២២ ៤៦៦ ១៥៩ ២៥៣ដុល្លារអាមេរិក កើនឡើង១៥% បើធៀបនឹងឆ្នាំនេះ។​​

អ្នករៀបចំផែនកា​រថវិកា បានសន្មតថា ប្រទេសមានសេដ្ឋកិច្ចធំទី២ នៅអាស៊ីអាគ្នេយ៍មួយនេះនឹងបង្កើនថវិកា ចន្លោះពី២,៥% ទៅ ៣,៥% នៅឆ្នាំនេះ និង៤,០% ទៅ ៥,០% នៅឆ្នាំ ២០២២ ។​

ទោះជាយ៉ាងណា ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គម បានព្យាករពីកំណើនសេដ្ឋកិច្ច ចន្លោះពី១,៥ភាគរយ និង២,៥ភាគ នៅឆ្នាំនេះ រហូតដល់ក្រោយការផ្ទុះជំងឺរាតត្បាត៕