រាជធានីបាងកក៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ថៃ​បន្ដរកឃើញអ្នកទោស និងមន្រ្ដីពន្ធនាគារ ជាង១ ២០០នាក់ បាន​ឆ្លងកូវីដ-១៩ ក្នុងចំណោមករណីថ្មីជិត ៤ ០០០នាក់ ហើយក៏មានករណីស្លាប់ថ្មី ចំនួន៣៩នាក់បន្ថែមទៀត។

ក្រសួងសុខាភិបាលសាធារណៈរបស់ថៃ បានចេញរបាយការណ៍ នៅព្រឹក ថ្ងៃព្រហស្បតិ៍ (ទី៣ ខែមិថុនា ឆ្នាំ២០២១)​ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន  ៣ ៨៨៦នាក់ ហើយក្នុងនោះមានអ្នកទោស និងមន្រ្ដីពន្ធនាគារ នៅទូទាំងប្រទេស ចំនួន ១ ២៣០នាក់ និងមានករណីស្លាប់ថ្មី ៣៩នាក់។​​​ ប៉ុន្ដែក្នុងរយៈពេលដូចគ្នានេះ​ នៅថៃក៏មានករណីព្យាបាលជាសះស្បើយ ដោយមិនគិតប្រាក់ ចំនួន ៣ ៦២៦នាក់ផងដែរ។

ទោះជាយ៉ាងណា រហូតមកដល់​វេលាខាងលើនេះ ថៃមានអ្នកទោស និងមន្រ្ដីពន្ធនាគារ យ៉ាងតិច ២៥ ០០០នាក់ បានឆ្លងកូវីដ-១៩ ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុបកើនដល់ ១៦៩ ៣៤៨នាក់ ស្លាប់ ១ ០៥២នាក់ និងជាសះស្បើយ ៩០ ៧៧៨នាក់៕