បរទេស៖ យន្ដហោះយោធារបស់ចិន បានហោះរំលោភចូលដែនអាកាសរបស់ម៉ាឡេស៊ី នាំឲ្យមានការខឹងសម្បាពីអាជ្ញាធររបស់ប្រទេសនេះ រហូតរដ្ឋមន្រ្ដីការបរទេសកោះហៅឯកអគ្គរដ្ឋទូត ចិនមកពន្យល់ អំពីករណីនេះ។

លោក Hishammuddin Hussein  ក្រសួងការបរទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ (ទី១ ខែមិថុនា  ឆ្នាំ២០២១ បានថ្លែងថា  ម៉ាឡេស៊ីនឹងកោះហៅអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងម៉ានីល មកបកស្រាយអំពីករណីយន្តហោះយោធា​ចិន ចំនួន១៦គ្រឿង បានហោះរំលោភចូលមក ក្នុងដែនអាកាសរបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ច​ (EEZ)។

រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បានចេញ​សេចក្តីថ្លែងការណ៍មួយ កាលពី​ថ្ងៃទី១ ខែមិថុនា ​ថា ម៉ាឡេស៊ី នឹងដាក់លិខិតតវ៉ាប្រឆាំងនឹងសកម្មភាពកងទ័ពអាកាសរបស់ចិន ទៅកាន់​​រដ្ឋាភិបាលទីក្រុងប៉េកាំង។ ជាមួយគ្នានេះ ម៉ាឡេស៊ីក៏នឹង​កោះហៅឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងគួឡាឡាំពួ មកបកស្រាយ ពីបញ្ហានេះផងដែរ។

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយថា មន្រ្ដីស្ថានទូតចិនប្រចាំនៅម៉ាឡេស៊ី បានថ្លែងថា​​ សកម្មភាពកងទ័ពអាកាស​របស់ខ្លួន នាពេលនេះ គ្រាន់តែជាការហ្វឹកហាត់ហោះហើរជាប្រចាំតែប៉ុណ្ណោះ។ ចិនតែងតែ​គោរពច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ដោយមិនបំពានលើដែនអាកាសរបស់ប្រទេសណាមួយឡើយ។

ទោះជាយ៉ាងណា  មន្រ្ដីស្ថានទូតចិនប្រចាំនៅប្រទេសម៉ាឡេស៊ី នៅតែថ្លែងការពារផលប្រយោជន៍របស់ខ្លួនថា ចិនមានគោលបំណងពិភាក្សា ដោយមិត្តភាពជាមួយនឹងភាគីម៉ាឡេស៊ី  ដើម្បី​ថែរក្សាសន្តិភាព និងស្ថិរភាព ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។

ដោយឡែកកងទ័ពអាកាសរបស់ប្រទេសម៉ាឡេស៊ី វិញ បានអះអាងថា  យន្តហោះយោធារបស់ចិន ដែលបានហោះរំលោភចូលមក ក្នុងដែនអាកាសរបស់ខ្លួននោះ រួមមាន យន្តហោះ​យុទ្ធសាស្រ្ត Ilyushin il-76 និង Xian Y-20 ។ ​ចិនធ្លាប់បញ្ជូននាវាមួយគ្រឿង ចូលមករុករកប្រេង អស់រយៈពេលជាង១ខែ នៅ​តំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំកន្លងទៅ។

​រហូតមកដល់ពេលនេះ ចិនកំពុងតែបង្កើនឥទ្ធិពលយោធារបស់ខ្លួន ទៅលើប្រទេសជិតខាង ហើយសកម្មភាពនេះបង្កឲ្យមានជម្លោះជាមួយនឹងប្រទេសឥណ្ឌា។ ក្រៅពីដែនគោក ចិនក៏កំពុងតែមានមហិច្ឆតាក្ដោបក្ដាប់លើដែនសមុទ្រចិនខាងត្បូង  ដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ ស្ទើរទាំងអស់ រហូតបង្កឲ្យមានជម្លោះកាន់តែក្ដៅឡើងជាមួយចិន រួមមាន ម៉ាឡេស៊ី  ប្រ៊ុយណេ, ​ហ្វីលីពីន, កោះតៃវ៉ាន់ និងវៀតណាម​

សមុទ្រចិនខាងត្បូងនេះ ជាទីសម្បូរទៅដោយធនធានជីវចម្រុះ និងឧស្ម័ន។ ដោយឡែកការធ្វើពាណិជ្ជកម្មឆ្លងកាន់ដែនសមុទ្រចិនខាងត្បូងនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ រហូតដល់ទៅ៣លានលានដុល្លារ ក្នុង១ឆ្នាំ។ ដោយសារតែធនធានធម្មជាតិសម្បូរ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់មានតម្លៃមហាសាលបែបនេះ ទើបជំរុញឲ្យចិនមានមហិច្ឆតាច្បាមយកទាំងអស់តែម្ដង៕