រាជធានីបាងកក៖ គណៈរដ្ឋមន្រ្ដីថៃ កាលពីថ្ងៃអង្គារ (ទី១ ខែមិថុនា ឆ្នាំ២០២១) បានអនុម័តលើកញ្ចប់ថវិកា ទំហំ១៥ពាន់លានបាត (ប្រាក់ថៃ) ឬស្មើនឹង ៤៨១ ០៦២ ៨៧៧ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការិយាល័យសន្ដិសុខសុខាភិបាលជាតិ (NHSO) ដើម្បីចំណាយទៅលើការ​ថែទាំសុខភាព សម្រាប់អ្នក​រងផលប៉ះពាល់ ដោយវ៉ាក់សាំងកូវីដ-១៩ និងការព្យាបាលតាមផ្នែកវេជ្ជសាស្ត្រ ជូនដល់អ្នកជំងឺកូវីដ​-១៩។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ ចេញផ្សាយ នៅថ្ងៃពុធ នេះ។

លោក ​Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់ថា ថវិកាទាំងនេះ​នឹងត្រូវបានផ្តល់ NHSO ​សម្រាប់ចំណាយលើការស្កែន និងព្យាបាលអ្នកជំងឺកូវីដ​-១៩​​។​ ក្រៅពីនេះ គណៈរដ្ឋមន្រ្ដីក៏បានអនុម័តថវិកា​ចំនួន១២៩លានបាត ឬស្មើនឹង ៤ ០០៨ ៨៥៧ដុល្លារអាមេរិក សម្រាប់ក្រសួងសុខាភិបាលសាធារណៈ ​ទិញយានយន្តចល័ត ចំនួន១១គ្រឿង និងយានយន្តសម្រាប់មន្ទីរពិសោធន៍ចល័ត ចំនួន១១គ្រឿង ​​ប្រើប្រាស់ នៅក្នុងខែសីហា និងខែកញ្ញា ឆ្នាំនេះ។​

អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបន្ថែមថា ជាងនេះទៅទៀត គណៈរដ្ឋមន្រ្តីថៃ ក៏បានអនុម័តថវិកា ប្រមាណ ១,៥៨ ពាន់លានបាត ឬស្មើនឹង៤៨ ១០៦ ២៨៧ដុល្លារអាមេរិក សម្រាប់បុគ្គលិកសុខាភិបាល​ស្ម័គ្រចិត្ត នៅទូទាំងប្រទេស ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​-១៩​។ លុយទាំងនេះនឹងត្រូវបើកឲ្យពួកគេ រយៈពេល៣ខែ ចាប់ពីខែកក្កដាដល់ ខែកញ្ញា ឆ្នាំ២០២១។​

លោក Jadej Thammatacharee អគ្គលេខាធិការ នៃការិយាល័យសន្ដិសុខសុខាភិបាល (NHSO)  បានបញ្ជាក់ថា ក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ  អ្នកទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុប១៥០នាក់  ត្រូវបាន NHSO ផ្ដល់សំណង អស់ចំនួន ៩៩១ ៧០០បាត ឬស្មើនឹង ៣១ ៨០៤ដុល្លារអាមេរិក ដោយសារការសង័្សយពីប្រតិកម្ម ចំពោះការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។​

លោកវេជ្ជបណ្ឌិត បានបន្ថែមថា« ពលរដ្ឋណាម្នាក់ ​មានបញ្ហាសុខភាពណាមួយ ដោយជឿ​ថា វាបង្កឡើង ដោយសារវ៉ាក់សាំង អាចដាក់ពាក្យស្នើសុំសំណងហិរញ្ញាវត្ថុភ្លាម ដោយមិនចាំបាច់​ រង់ចាំលទ្ធផលបង្ហាញជាក់ស្ដែងនោះឡើយ។ លោកវេជ្ជបណ្ឌិតបានថ្លែងបែបនេះ បន្ទាប់ពីជួបប្រជុំជាមួយនឹងការិយាល័យតាមតំបន់ចំនួន១៣ របស់​ NHSO ស្ដីពីកម្មវិធីសំណងនេះ។​

លោកវេជ្ជបណ្ឌិត បានបន្ដថា ក្នុងចំណោមអ្នកទទួលបានសំណងទាំង១៥០នាក់នោះ  គឺ១៣១  ភាគច្រើន ​បង្ហាញរោគស្រាល ខណៈ១៥នាក់បង្ហាញរោគសញ្ញាមធ្យម និង៤នាក់មានរោគសញ្ញាធ្ងន់ល្មម ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។​

លោកអគ្គលេខាធិការ NHSO បានបញ្ជាក់ទៀតថា «អ្នកដែលទទួលបានសំណង ចំពោះផលប៉ះពាល់ នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ​ពី NHSO រួមមាន៖

១-​ករណីស្លាប់ ឬពិការអចិន្រ្ដៃយ៍ ត្រូវទទួលសំណង ចំនួន ៤០០ ០០០បាត (ប្រាក់ថៃ) ឬស្មើនឹង ១២ ៧៨៧ដុល្លារអាមេរិក។

២-បាត់បង់សរីរាង្គ ឬពិការ ត្រូវទទួលបានសំណងជាអតិបរមា ២៤០ ០០០បាត ឬស្មើនឹង៧ ៦៧២ដុល្លារអាមេរិក។

៣-​ប៉ះពាល់ដល់សុខភាព ដែលត្រូវការការព្យាបាលតាមវេជ្ជសាស្រ្ត អ្នកទទួលវ៉ាក់សាំងនឹងមានសិទ្ធិទទួលបានសំណង រហូតដល់១សែនបាត ឬស្មើនឹង ៣ ១៩៦ដុល្លារអាមេរិក។​

លោកអគ្គលេខាធិកា បានបន្ថែមថា ជំនួយហិរញ្ញវត្ថុពិតប្រាកដ អាស្រ័យទៅលើវិសាលភាព នៃផលប៉ះពាល់ពីវ៉ាក់សាំងបង្ការកូវីដ-១៩នេះ។ អ្នកដែលសង័្សយលើវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលបង្កឲ្យកើតជាជំងឺ ឬស្លាប់ អាចដាក់ពាក្យ​ស្នើសុំភ្លាមៗ ដោយមិនចាំបាច់រង់ចាំការផ្ទៀងផ្ទាត់ ព្រោះវាជាជំនួយដំបូង ដែលមិនត្រូវការភស្តុតាង»។​

លោកអគ្គលេខាធិការ NHSO  បានបន្ដថា «ទោះបីជាការស៊ើបអង្កេតតាមផ្នែកវេជ្ជសាស្រ្តសន្និដ្ឋាន នាពេលក្រោយ រកឃើញថា ករណីនេះមិនបានបង្កឡើង ដោយសារ​វ៉ាក់សាំងបង្ការកូវីដ​-១៩ ក៏ដោយ ក៏យើង​នឹងមិនទាមទារសំណងពីអ្នកទាំងនោះវិញដែរ»៕