ប្រាសាទអង្គរវត្ត និងប្រជុំសំណង់ទាំងអស់នៃតំបន់អង្គរ បានបន្សល់ទុកនូវអរិយភាព និងអាថ៌កំបាំងរាប់មិនអស់សម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ ។ សម្បត្តិបេតិកភ័ណ្ឌមិនអាចកាត់ថ្លៃបានមួយនេះ គឺជាមរតកដ៏អស្ចារ្យដែលធ្វើឲ្យកម្ពុជាល្បីរន្ទឺរហូតមកទល់សព្វថ្ងៃនេះ ដែលមានការទាក់ទាញភ្ញៀវបរទេសរាប់ម៉ឺននាក់មកទស្សនាក្នុងមួយឆ្នាំៗ ។យ៉ាងណាក្ដីនៅមានរឿងរ៉ាវមួយចំនួនដែលកូនខ្មែរជំនាន់ក្រោយនៅមិនទាន់បានដឹង ។
ខាងក្រោមនេះគឺជារឿងរ៉ាវដ៏អស្ចារ្យទាំង៧របស់ប្រាសាទអង្គរវត្តដែលអ្នកមិនធ្លាប់បានដឹង ៖

ទី១ អង្គរវត្ត ជាសំណង់ឧទ្ទិសសាសនាដ៏ធំបំផុត
ដែលជាប់នៅក្នុងកំណាត់ត្រាគីណេស ដោយសំណង់ទាំងអស់នៅជុំវិញអង្គរវត្តត្រូវបានសាងសង់ឡើងលើផ្ទៃដីចំនួន ១៦២,៦ហិចតា ដែលជាសំណង់ឧទ្ទិសសាសនាធំបំផុតនៅក្នុងលោកហើយជាប់នៅក្នុងកំណត់ត្រាគីណេស។ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាអ្នកសាងសង់ប្រាសាទដ៏អស្ចារ្យនេះឡើងនៅក្នុងឆ្នាំ១១១៣ដល់ឆ្នាំ១១៥០ ដើម្បីឧទ្ទិសដល់អាទិទេពសាសនាហិណ្ឌូគឺព្រះវិស្ណុ។

ទី២ អង្គរវត្តទទួលបានលេខ១ ៤ឆ្នាំជាប់គ្នា
អង្គរត្តទទួលបានចំណាត់ថ្នាក់លេខ១ ៤ឆ្នាំជាប់ៗគ្នានៅលើគេហទំពរបរទេស។ ដោយការទទួលបានលេមួយនោះគឺ អង្គរវត្តគឺមានសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្ថិសាស្រ្តដ៏អស្ចារ្យបំផុតសម្រាប់ពិភពលោកនៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីទទួលបានការបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ពីភ្ញៀវទេសចរណ៍បរទេស។

ទី៣ តំបន់អង្គរគឺជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកដំបូងរបស់កម្ពុជា
ប្រាសាទអង្គរវត្តលាតសន្ធឹងនៅលើផ្ទៃដីប្រមាណជា៤០០គីឡូម៉ែត្រក្រឡា ដែលមានប្រាសាទជាច្រើន រាប់បញ្ចូលទាំងព្រៃឈើចម្រុះដែលព័ទ្ធជុំវិញផង។ តំបន់នៃប្រវត្ថិសាស្រ្តមួយនេះរួមមានទីតាំងនៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបាយ័នដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានអង្គការយូនីស្កូប្រកាសដាក់ចូលជាសម្បត្តិបេតកភ័ណ្ឌវប្បធម៌រូបិយពិភពលោកនៅក្នុងឆ្នាំ១៩៩២។

ទី៤ បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត
ចំពោះបាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តបានកើតឡើងជារៀងរាល់ឆ្នាំ។ លោកង៉ូវ សេងកា ជាប្រធានមន្ទីរវប្បធម៌បានប្រាប់ថា បាតុភូតនេះតែងតែកើតមាននៅខែកញ្ញា ចន្លោះពីថ្ងៃទី២១ដល់ទី២៣ និងម្ដងទៀតនៅក្នុងខែមីនា ។ពន្លឺដែលចែងចាំងព្រះអាទិត្យរះចំកំពូលប្រាសាទនោះ ត្រូវបានគេជឿថាពន្លឺរបស់ពរះអាទិត្យនោះចូលនៅក្នុងបន្ទប់អាថ៌កំបាំងមួយដែលជាផ្នែកជាន់ក្រោមដីនៃប្រាសាទអង្គរវត្ត ដែលមានជម្រៅប្រមាណជា៣០ម៉ែត្រ ។

ទី៥ ស្ថាបត្យករបុរាណ ជីកគូទឹកដើម្បីការពារប្រាសាទ
យោងទៅតាមវីឌីអូឯកសារស្រាវជ្រាវអំពីការកសាងប្រាសាទ តារាវិទូជនជាតិបារាំងបានបង្ហាញថា ស្ថាបត្យករបុរាណនៅក្នុងសម័យអង្គរ បានជីកធ្វើគូទឹកនេះឡើងដើម្បីការពារដល់តួប្រាសាទអង្គរវត្តទាំងមូលនេះម្ដង។ តាមរយៈវីឌីអូនោះបានបង្ហាញថែមទៀតថា ស្ថាបត្យករដ៏អស្ចារ្យនៃសម័យនោះបានយកដីខ្សាច់ដើម្បីចាក់គ្រឺះកសាងប្រាសាទអង្គរវត្ត ពីព្រោះបុព្វបុរសខ្មែរជឿថា ដីខ្សាច់អាចធ្វើឲ្យតួប្រាសាទរឹងមាំបានរាប់ពាន់ឆ្នាំ។

ទី៦ ចម្រឹងបង្អួចប្រាសាទអង្គរវត្ត ជះស្រមោលចេញកំពូលប្រាំ
ចម្រឹងបង្អួចនៃប្រាសាទអង្គរវត្តបានបង្កប់នូវអាថ៌កំបាំងដ៏អស្ចារ្យដែលគ្មាននរណាម្នាក់បានដឹងសោះឡើយ ស្រមោលពន្លឺថ្ងៃនៃចម្រឹងប្រាសាទអង្គរវត្ត គឺជាប្រាសាទកំពូលប្រាំ និងកំពូលបី ។

ទី៧ មានសំណង់ជាច្រើនទៀត ដែលកប់នៅក្នុងដីក្រោមប្រាង្គប្រាសាទអង្គរវត្ត
កាលពីដើមឆ្នាំ២០១៥ មានសារព័ត៌មានអង់គ្លេសមួយបានចុះផ្សាយថា ក្រុមបុរាណវិទូបានរកឃើញសំណង់បុរាណខ្សាច់ដ៏ធំមួយរួមជាមួយនឹងសំណង់កប់នៅក្នុងដីជាច្រើន នៅបរិវេណខាងក្រោមនៃប្រាសាទអង្គរវត្ត ដែលជាការកោះបើកនូវអាថ៌កំបាំងដ៏ថ្មីមួយទៀត ទាក់ទាញចំណាប់អារម្មណ៌របស់អ្នកស្រាវជ្រាវទូទាំងពិភពលោក។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ីដនី បានស្រាវជ្រាវនៅកម្ពុជានៅក្នុងគម្រោងមួយដែលមានឈ្មោះថាGreater Angkor Project ដោយប្រើបច្ចេកវិទ្យាឡាស៊ា ជាមួយនឹងរ៉ាដា ពួកគេបានជីករកឃើញ នឹងជីកនូវសំណង់បុរាណជាច្រើនដែលកប់នៅក្នុងដីដ៏អាថ៌កំបាំងនោះ ។ កាលពីពេលមុនពួកគេជឿថា កាលពីមុនគេជឿថាប្រាសាទអង្គរពីមុនគឺស្ថិតនៅកន្លែងសក្ការៈបូជា ប៉ុន្តែក្រោយពីរកឃើញសំណង់ដីខ្សាច់រាងរង្វង់មូលមួយ ព្រមទាំងសំណល់នៃសំណង់កប់នៅក្នុងដីនោះ បុរាណវិទូជាច្រើននិយាយថា ប្រាសាទអង្គរវត្តគឺមានភាពអាថ៌កំបាំង និងស្មុគស្មាញជាងការគិតរបស់ពួកគេ។

ក្រៅពីរឿងរ៉ាវដែលបានបកស្រាយខាងលើនេះ ប្រាសាទអង្គរវត្ត នៅមានរឿងរ៉ាវអាថ៌កំបាំង និងភាពអស្ចារ្យជាច្រើនទៀត ដែលធ្វើឲ្យល្បីឈ្មោះទូទាំងពិភពលោករហូតធ្វើឲ្យមានប្រទេសនានាចម្លងតាម ។ ចំណែកឯក្រុមអ្នកស្រាវជ្រាវនានានៅតែបញ្ចេញរបកគំហើញថ្មីៗជាបន្តបន្ទាប់ ក្រោយពីរុករកនូវអាថ៌កំបាំងនៅក្នុងតំបន់នេះ ។