ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍បែបនេះ វានឹងធ្វើឲ្យមានភាពតានតឹង ផលវិបាកនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយវាជារឿងសំខាន់ណាស់ដែលអ្នកត្រូវវិះរកវិធីដើម្បីព្យាបាល និងធ្វើការដោះស្រាយដើម្បីទទួលបានការគោរពឲ្យតម្លៃខ្លួនឯងវិញ។ បញ្ហានេះវាជារឿងសំខាន់ណាស់ ហើយវាមិនមែនជារឿងលេងសើចឡើយ ដូចច្នេះអ្នកអាចមកអនុវត្តធ្វើរឿងទាំងបីខាងក្រោមនេះដើម្បីដោះស្រាយ និងព្យាបាល៖

១. តែងតែធ្វើការកោតសរសើរចំពោះខ្លួនឯង៖ មនុស្សដែលមានអារម្មណ៍ថាគ្មានតម្លៃតែងតែមានការគិតអវិជ្ជមានជានិច្ច វាអាចជាការពិបាកប៉ុន្តែអ្នកត្រូវផ្តោតទៅលើការព្យាបាលចិត្តតាមរបៀបវិជ្ជមាន ឬភាពប្រាកដនិយមដោយចាប់ផ្ដើមពីការកោតសរសើរទៅលើរឿងតូចតាចដែលខ្លួនបានធ្វើជារៀងរាល់ថ្ងៃ និងដើម្បីធ្វើការកែលម្អការគិតអវិជ្ជមានទាំងនោះឲ្យទៅជាភាពវិជ្ជមានវិញ។

២. ឲ្យតម្លៃទៅលើអ្វីៗដែលខ្លួនមានបាន៖ ភាពគ្មានតម្លៃវានឹងចូលមករកអ្នកនៅពេលដែលអ្នកធ្វើការប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ ជាជាងការដឹងគុណ ការឲ្យតម្លៃចំពោះអ្វីៗដែលខ្លួនកំពុងមានបាន ហើយការផ្តោតអារម្មណ៍របស់អ្នកតាមរបៀបនេះអាចជួយការពារអ្នកពីផលប៉ះពាល់អវិជ្ជមាននៃការប្រៀបធៀប និងការច្រណែនបាន។

៣. ការធ្វើអ្វីមួយចេញពីទឹកចិត្តដើម្បីនរណាម្នាក់៖ ពេលខ្លះនៅពេលអ្នកមានអារម្មណ៍ថាគ្មានតម្លៃការផ្តោតការយកចិត្តទុកដាក់របស់អ្នកទៅកាន់អ្នកដទៃក៏អាចជួយបានដែរ ការចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ការចូលរួមជួយសហគមន៍ ឬជួយអ្នកដទៃដែលត្រូវការជំនួយនោះនឹងមានឥទ្ធិពលវិជ្ជមានល្អៗសម្រាប់អ្នក និងអត្ថប្រយោជន៍ចំពោះសហគមន៍ឬអ្នកដទៃនោះ។

មនុស្សភាគច្រើនក៏ធ្លាប់ឆ្លងកាត់បញ្ហានេះម្ដងម្កាលដែរ តែប្រសិនបើអ្នកមានអារម្មណ៍ថាគ្មានតម្លៃជាប្រចាំ ជាញឹកញាប់ និងជាលក្ខណៈរ៉ាំរ៉ៃនោះវាអាចក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តប្រសិនបើអ្នកមិនរកវិធីព្យាបាលនោះទេ។ ហេតុដូចច្នេះហើយបានជាការព្យាបាលបញ្ហាផ្លូវចិត្តគឺមានសារសំខាន់ណាស់ ហើយវាក៏ជាការទប់ស្កាត់នៃការកើតជំងឺធ្លាក់ទឹកចិត្តបានល្អផងដែរ៕