ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងយោធាធ្វើការល្បាតស្ទាក់ឃាត់រថយន្តចំនួន០២គ្រឿង ដែលមានដឹកមនុស្សចំនួន១៧នាក់ (កុមារ០២នាក់) ដើម្បីឆ្លងដែនចូលទៅប្រទេសថៃ កាលពីវេលាម៉ោង០៣ និង២៥នាទីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ចំណុចចំការស្វាយច័ន្ទីនៅខាងជើងឈៀងខាងកើតភូមិតេជោភ្នំឆ័ត្រ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ។

លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា រថយន្តទាំង០២គ្រឿងត្រូវបានកម្លាំង កម្លាំអធិការដ្ឋាននគរបាលស្រុកស្វាយចេកដែលឈរជើងនៅខ្លោងទ្វារភូមិតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងយោធា បានធ្វើការស្ទាក់ឃាត់ ដែលមានដឹកមនុស្សបម្រុងឆ្លងដែនចូលទៅប្រទេសថៃ ចំនួន១៧នាក់ (កុមារី០២នាក់) ។ អ្នកបើករថយន្តទី១-ឈ្មោះ រ៉ម ហុង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាកកាមរី ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ 2B-1130 ដឹកមនុស្ស០៥នាក់ ស្រី០១នាក់ ។ និងទី២-ឈ្មោះ គង់ ណោក ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាកសាំយ៉ុង ពណ៌សរ ពាក់ផ្លាកលេខ 2B-5662 ដឹកមនុស្សចំនួន១២នាក់ ស្រី១០នាក់ កុមារ០២នាក់ (ស្រី០១នាក់) ។ ក្នុងនោះ មកពីកំពង់ចាម០៦នាក់ បាត់ដំបង១០នាក់ បន្ទាយមានជ័យ០១នាក់ ។

លោកអធិការនគរបាល បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តទាំង០២នាក់ មនុស្សដែលគេដឹកដើម្បីឆ្លងដែនទៅថៃទាំង១៧នាក់នោះគឺតាមមេខ្យល់បានកំណត់ ដោយគេយកតម្លៃតាមជិត តាមឆ្ងាយ មាន២៥០បាត ,៣០០បាត, ៤០០បាត ។

ចំពោះអ្នកបើកបររថយន្តទាំង០២នាក់ កម្លាំងនគរបាលជំនាញ អធិការដ្ឋាននគរបាលស្រុកស្វាយចេក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួទៅសា្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ដោយឡែកពលករទាំង១៧នាក់ កុមារ០២នាក់ បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យស្វាយចេក ៕