ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២១នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក ដែលស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវ ភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឲ្យដើមពោធិ៍លោកតាមក្រហមកនេះ មានអាយុកាលរាប់រយឆ្នាំ មានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិ៍ប្រវត្តិស្នេហាទុំទាវ ពោលគឺស្ថិតនៅក្នុងភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ដួលរលំ។

ក្រោយពីដើមពោធិ៍លោកតាក្រហមកនោះដួលរលំ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ដែលបានចុះទៅកាន់កន្លែងកើតហេតុនោះទាំងយប់ បានបញ្ជាក់ថា ភ្លាមៗក្រោយដួលរលំ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យលោក និងអភិបាលស្រុកសហការជាមួយ មន្ទីរពាក់ព័ន្ធ ប្រើគ្រឿងចក្រស្ទូចលើកឡើង ដើម្បីរៀបចំដាំឡើងវិញ និងបន្ថែមការកែលម្អអភិរក្សតំបន់ប្រវត្តិសាស្ត្រនោះផងដែរ។

លោកហាក់ សុខមករា បញ្ជាក់ថា ដើមពោធិ៍ជំទាន់ទុំទាវ ដែលស្ថិតនៅក្បែរនោះ មិនបានរលំនោះឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មានឡើងវិញ៕