រាជធានីភ្នំពេញ៖ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានបំភ្លឺថា ដើមពោធិ៍ដែលដួលរលំនោះ មិនមែនជាដើមពោធិ៍ដែលទាក់ទង នឹងប្រវត្តិស្នេហាទុំទាវ នោះឡើយ ដោយដើមពោធិ៍នោះ អ្នកស្រុកហៅថា «ដើមពោធិ៍លោកតាក្រហមក»ដែលត្រូវបានខ្យល់កន្រ្តាក់បោកបក់ធ្វើឱ្យដួលរលំនាល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

ការចេញមកបកស្រាយរបស់លោកបែបនេះបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គម Facebook ជាច្រើនបានបង្ហោះ និងចែកចាយរូបភាពដើមពោធិ៍មួយដើម ដែលត្រូវដួលរលំដោយសារខ្យល់កន្ត្រាក់ ហើយរំលេចនូវខ្លឹមសារយល់ច្រឡំថា ដើមពោធិ៍នោះជាដើមពោធិ៍ដែលមានប្រវត្តិទាក់ទងនឹងប្រវត្តិស្នេហាទុំទាវ កាលពីសម័យលង្វែក រាប់រយឆ្នាំមកហើយ។

លោកអភិបាលស្រុកបានបន្តថា ដើមពោធិ៍លោកតាមក្រហមកនេះ មានអាយុកាលរាប់រយឆ្នាំមកហើយដែរ ដែលមានចម្ងាយប្រមាណ ៧០ម៉ែត្រ ពីដើមពោធិ៍ប្រវត្តិស្នេហាទុំទាវ ពោលគឺស្ថិតនៅក្នុងភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដូចគ្នា។

លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ដែលបានចុះទៅកាន់កន្លែងកើតហេតុនោះទាំងយប់ បានបញ្ជាក់ថា ភ្លាមៗក្រោយដួលរលំ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យលោក និងអភិបាលស្រុកសហការជាមួយ មន្ទីរពាក់ព័ន្ធ ប្រើគ្រឿងចក្រស្ទូចលើកឡើង ដើម្បីរៀបចំដាំឡើងវិញ និងបន្ថែមការកែលម្អអភិរក្សតំបន់ប្រវត្តិសាស្ត្រនោះផងដែរ។ បើតាមលោក ហាក់ សុខមករា ដើមពោធិ៍ជំទាន់ទុំទាវ ដែលស្ថិតនៅក្បែរនោះ មិនបានរលំនោះឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មានឡើងវិញ៕