ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបចាប់ខ្លួន ជាមួយនឹងថ្នាំញៀនជាង៣គីឡូក្រាម កាលពីវេលាម៉ោង១ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ទី ១-ឈ្មោះឡេង សម្បត្តិ ហៅវេង ខ្លី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី២-ឈ្មោះ គយ រដ្ឋា ហៅ ពយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ដកហូត ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន៣កញ្ចប់ទម្ងន់២ ៩៨៩,៣៤ក្រាម (ថ្នាំសុទ្ធ), ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ាWY) ចំនួន ១.០០៦គ្រាប់ ទម្ងន់៨៧,៣២ក្រាម, ថ្នាំញៀនប្រភេទអិចស្តាស៊ី MDMA ចំនួន១៤៩គ្រាប់ មានទម្ងន់ ៥១,៦២ក្រាម, ថ្នាំញៀនប្រភេទកេតាមីន KETTAMIN ចំនួន ២០គ្រាប់ មានទម្ងន់ ៣,៩២ក្រាម, រថយន្តចំនួន១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A- 8837។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចនៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់វិធានការតាមផ្លូវច្បាប់៕